វេទិកាជាតិអេកូទេសចរណ៍ជំរុញគោលនយោបាយជាតិអេកូទេសចរណ៍

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតងដែលមានការរីកចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ដែលវេទិកានេះ ពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា« ទេសចរណ៍វប្បធម៌ និងធម្មជាតិ» និងជា ពិសេសគោលនយោបាយជាតិ អេកូទេសចរណ៍ 2019-2030។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-19សម្រាប់វិស័យកសិកម្មយើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បីប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារលុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិសុខស្បៀងធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ។

ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថែមទៀត។

ការអនុវត្តគោលនយោបាយពិពិធកម្មវិស័យទេសចរណ៍ដើម្បីកែប្រែជីវភាពរបស់បងប្អូនដែលប្រកបមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ” និងទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅ ជាពិសេសធានាបាននូវអាហារូបត្ថម្ភ និងមានអតិរេកសម្រាប់ការនាំចេញ ដោយមិនត្រូវមើលរំលងអំពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង អភិវឌ្ឍធនធានព្រៃឈើ និងជលផល ដើម្បីនិរន្តរភាពនៃភពផែនដី ប្រកបដោយភាតរបរិស្ថាន និងភាពទាក់ទាញពីភ្ញៀវទេសចរផងដែរ។

ភ្ជាប់ទៅនឹងប្រធានបទនាថ្ងៃនេះដែរឯកឧត្តម ក៏បានជម្រាបជូនថា បច្ចុប្បន្នសហគមន៍នេសាទចំនួន 131 ក្នុងចំណោមសហគមន៍នេសាទទាំងអស់516 មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជាចម្បង។
ជាក់ស្តែង សហគមន៍នេសាទចំនួន27 បាន និងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង9ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង។

ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន 638 ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន103 ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។

ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន1,190 និងសហភាពសហគមន៍កសិកម្មចំនួន11 ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេសចរណ៍នាពេលអនាគត។

ក្នុងខណ:នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចឱ្យឃើញអំពីចំណុច ខ្លាំង ចំណុចខ្សោយក្នុងការដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការបែងចែកផលលាភ ការអភិរក្ស ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព។

ឯកឧត្តម វេង សាខុន ក៏បានសង្ឃឹម និងជឿជាក់ថាវេទិកាជាតិនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដើម្បីពិនិត្យតាម ដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយប្រកប ដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បីផលប្រយោជន៍រួម ជាពុទ្ធិក្នុងការ ចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិ-ទេសចរណ៍ រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner