ឆ្នាំ2020កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ 1.31លាននាក់ថយចុះ 80ភាគរយ

ដោយសារជួបនូវវិបត្តិជំងឺកូវីដ-19 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ 1.31 លាននាក់ប៉ុណ្ណោះ មានការថយចុះប្រមាណ80ភាគរយ និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ9 លាននាក់ ថយចុះ 20ភាគរយ បើធៀបនឹងឆ្នាំ2019 កន្លងទៅ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ 1.31 លាននាក់
ប៉ុន្តែសកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញានៃការងើបឡើង ដែលអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងចំនួនប្រមាណ9 លាននាក់ គឺមានការថយចុះ20ភាគរយប៉ុណ្ណោះ។

ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

ឯកឧត្តម ថោង ខុន ក៏បានលើកឡើងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម។

ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។

ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-19 កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ។

តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀត សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឱ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-19 ក្នុងឆ្នាំ2020 កន្លងមក។

ទន្ទឹមនឹងនោះ អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថាអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-19 ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ដូចបានគូសបញ្ជាក់ក្នុងខ្លឹមសារនៃទិវាទេសចរណ៍ពិភពលោក ឆ្នាំ2020 (WTD 2020)៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner