ឯកឧត្តម ស សុខា អញ្ជើញចូលរួមពិធីប្រកាសចូលកាន់ភារកិច្ចមន្ត្រីគ្រប់គ្រងអង្គភាព នៃអគ្គនាយកដ្ឋានកីឡា

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ បានអញ្ជើញ ប្រកាសចូលកាន់ភារកិច្ចមន្ត្រីគ្រប់គ្រងអង្គភាពនានា ក្រោមឱវាទ នៃអគ្គនាយក ដ្ឋានកីឡា ។


ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំកាយ និងកីឡា រហូតទទួលបានសមិទ្ធផលធំៗ គួរជាទីមោទៈ ។ ឯកឧត្តម ស សុខា ជឿជាក់ថា មន្ត្រីដែលទទួលបានតួរនាទីថ្មី និងប្រើប្រាស់មុខងារតួរនាទីរបស់ខ្លួន អោយ បានត្រឹមត្រូវ ធ្វើអោយវិស័យអប់រំកាយ និងកីឡាកាន់តែរីកចម្រើន ។ ក្នុងនោះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន បានធ្វើអោយមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា បានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ។

ពិធីប្រកាសចូលកាន់ភារកិច្ចមន្ត្រីគ្រប់គ្រងអង្គភាព ក្រោមឱវាទអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាបាល ចេញអនុក្រឹត្យបង្កើតអង្គភាពថ្មី ចំនួន២ ទៀត ចំណុះ ឲ្យអគ្គនាយកដ្ឋានកីឡា បន្ថែមលើអង្គភាព ដែលមានសព្វថ្ងៃចំនួន៤នោះ ។


ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រី ចំនួន ៤រូប រួមមាន ៖ ទី១. លោក ដួង មាសចំរើន ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ទី២. លោក បឹង គឹមតោ ជាប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ជំនួសលោកដួង មាសចំរើន ទី៣. លោក ហួត សេងទ្រី ជាប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា (អង្គភាពបង្កើតថ្មី) និងទី៤. លោក វ៉ា វណ្ណៈ ប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា ។ ព្រមទាំងបានតែងតាំងអនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត , អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងអនុប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡាជាច្រើនទៀតផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner