ស្ថានទូតកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសវៀតណាមប្រុងប្រយ័ត្ន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណីក្នុងខេត្តចំនួន២

អត្ថបទដោយ៖
ធី ដា

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃ២៩មករាឆ្នាំ២០២១ អំពាវនាវនិស្សិត សិក្ខាកាមនគរបាល-យោធា និង ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាម ត្រូវអនុវត្តវិធានការការពារសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងខេត្តចំនួន២។

យោងតាមសារព័ត៌មានវៀតណាម Vietnam News ចុះផ្សាយនៅថ្ងៃសទី២៩មករាឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញនូវបណ្ដុះនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៨៤ករណី នៅក្នុងខេត្ត Hai Duong និងខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀរណាម បានបញ្ជាឲ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Van Don រយៈពេល២១ថ្ងៃ។ ប្រជាជនក្នុងស្រុកត្រូវបានស្នើឲ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែអាចចេញពីផ្ទះសម្រាប់តម្រូវការចាំបាច់ ដូចជាទិញអាហារ ថ្នាំសង្កូវ ឬករណីសង្គ្រោះបន្ទាន់ ព្រមទាំងទៅធ្វើការងារនៅតាមភ្នាក់ងារ រោងចក្រ សហគ្រាស និងសេវាកម្មដែលចាំបាច់ និងដែលមិនត្រូវបានបិទ។

នៅតាមទីសាធារណៈ ការជួបជុំមនុស្សលើសពី២នាក់ ត្រូវបានហាមឃាត់ និងរក្សាចម្ងាយ២ម៉ែត្រពីគ្នា។ សាលារៀន កន្លែងកម្សាន្ត និងអាជីវកម្មមិនចាំបាច់ទាំងអស់ត្រូវបិទទ្វារ។ សេវាដឹកជញ្ជូនសាធារណៈចេញពីទីក្រុង Chi Linh ត្រូវបានផ្អាក លើកលែងតែករណីផ្លូវការ ឬតម្រូវការបន្ទាន់។ ប្រជាជនត្រូវបានស្នើឲ្យពាក់ម៉ាស រក្សាគម្លាត និងជៀសវាងការជួបជុំគ្នា។

ខេត្តក៏បានរៀបចំរបាំង និងប៉ុស្ដិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការចូល និងចេញពីខេត្ត។ តំបន់ជាច្រើនក្នុងប្រទេសវៀតណាមដួចជា ទីក្រុងហូជីមិញ, ដាណាង, ខេត្ត Bac Giang និង Nghe An ក៏ត្រូវបានស្នើមិនឲ្យមានការជួបជុំមនុស្សច្រើន កាត់បន្ថយពិធីបុណ្យនានា និងអនុវត្តវិធានការសុវត្ថិភាព។ ស្ថានទូតខ្មែរ បានអំពាវនាវឲ្យ អំពាវនាវនិស្សិត សិក្ខាកាមនគរបាល-យោធា និង ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាម ត្រូវអនុវត្តវិធានការការពារសុវត្ថិភាព ដូចជាការពាក់ម៉ាស លាងដៃ ការរក្សាអនាម័យ និងការងន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលវៀតណាមឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner