ក្រសួងការងារ សហការគ្នាជាមួយអង្គការឃែរ (CARE) រៀបចំ សិក្ខាសាលាពង្រីកឱកាសការងារជូនកម្មករនិយោជិតដែលបាត់បង់ការងារដោយសារកូវីដ-១៩

ទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការឃែរ នៅថ្ងៃទី២៩មករាឆ្នាំ២០២១ បានរួមគ្នារៀបចំសិក្ខាសាលាចែករំលែកព័ត៌មាន និងពង្រីកឱកាសការងារជូនកម្មករនិយោជិត ប្រមាណ៧០នាក់ នៅស្នាក់ការកណ្តាលរបស់NEA នារាជធានីភ្នំពេញ ។

សិក្ខាសាលានោះ រៀបចំឡើងជាពិសេសសម្រាប់កម្មករនិយោជិតដែលបាត់បង់ឱកាសការងារបណ្តោះអាសន្ន ឬព្យួរកិច្ចសន្យាការងារដោយសារការរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ អាចស្វែងយល់បន្ថែមពីព័ត៌មាន ឱកាសការងារ និងការពង្រីកលទ្ធភាពស្រូបយកការងារថ្មីតាមជម្រើសដែលសមស្រប ក្រោមកិច្ចគាំទ្រពីNEA។ តាមរយៈសិក្ខាសាលានោះ កម្មករនិយោជិតអាចទទួលបានព័ត៌មានច្រើនពីឱកាសការងារតាមវិស័យពាក់ព័ន្ធនានាដែលកំពុងមានតម្រូវការជ្រើសរើស និងអាចចុះឈ្មោះរកការងារ តាមរយៈNEA ដោយផ្ទាល់ ដើម្បីធ្វើការផ្គូផ្គងនិងបញ្ជូនទៅកាន់រោងចក្រ សហគ្រាស។

អង្គការឃែរកំពុងតែអនុវត្តគម្រោង ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីរោងចក្រកាត់ដេរ អំឡុងពេលជំងឺកូវីដ១៩ ក្រោមការគាំទ្រថវិការបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ គម្រោងនោះ បានផ្តល់វគ្គបណ្តុះបណ្តាលទៅក្រុមមិត្តអប់រំមិត្ត និងគាំទ្រថវិកាទៅកម្មការិនីកាត់ដេរដោយបាត់បង់ការងារ ដោយការព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន និងការបិទរោងចក្រ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ពួកគេ។

គួរជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ បានត្រៀមខ្លួន ដើម្បីជួយគាំទ្រក្នុងការសម្របសម្រួលជួយរកផ្គូផ្គងការងារ និងត្រៀមឱកាសការងារជាច្រើនកន្លែង ជូនកម្មករនិយោជិតក្នុងការដាក់ពាក្យដើម្បីចូលធ្វើការតាមវិស័យនានាដែលស្របតាមលក្ខខណ្ឌ តម្រូវការ និងសមត្ថភាពរបស់ផ្ទាល់ខ្លួន ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner