ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយ​លោកគ្រូ ​អ្នកគ្រូ​ ​ក្នុងស្រុកខ្សាច់កណ្តាល និងចុះពិនិត្យរោងដាំបន្លែក្នុងផ្ទះសំណាញ់ ​របស់យុវជនខេត្តកណ្តាល

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី២៨ មករា ២០២១ បានអញ្ជើញអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូទាំងអស់ ក្នុងវិទ្យាល័យទាំង ៤ ក្នុងស្រុកខ្សាច់កណ្តាលសរុប ចំនួន ៣២៤ នាក់។ អគ្គនាយកធនាគារ ARDB រូបនេះ ក៏បានឆ្លៀតទៅពិនិត្យរោងដាំបន្លែ​របស់យុវជនស្រុកខ្សាច់កណ្តាលផងដែរ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ។

នាពេលនោះដែរ ឯកឧត្តម កៅ ថាច បានធ្វើការកត់សម្គាល់នូវចំនុចសំខាន់មួយចំនួនថា​ តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងមួយរយៈកាលចុងក្រោយនេះកម្មវិធីសិក្សាអប់រំបានកែប្រែយ៉ាងខ្លាំង សិស្សានុសិស្សបានខិតខំពង្រឹងខ្លួនទាំងសមត្ថភាព និងចំណេះដឹង ជាក់ស្តែងលទ្ធផលនៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក ជាសក្ខីភាពបង្ហាញពីភាពជោគជ័យនៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។ ចំពោះឆ្នាំសិក្សា ២០២០ ក្នុងបរិបទកូវិដ ១៩ ប្រព័ន្ធអប់រំត្រូវបានកែប្រែយ៉ាងខ្លាំង ដោយសិស្សត្រូវប្តូរពីការរៀនក្នុងសាលា ទៅរៀនតាមប្រព័ន្ធអនឡាញវិញ ដែលការណ៍នេះ ជាបរិបទថ្មីដែលលោកគ្រូ អ្នកគ្រូត្រូវតាមឱ្យទាន់ និងមានភាពបទបែនខ្ពស់ចំពោះការវិវត្តនេះ។

ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាបែបឌីជីថល និងការធ្វើទំនើបកម្មប្រពន្ធអប់រំវិញ ឯកឧត្តម កៅ ថាច បានធ្វើការកត់សម្គាល់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្មេងៗ និងយុវជន យុវនារី មានភាពឈ្លាវវៃ និងពូកែ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា (IT) ។ ក្នុងន័យនេះ ដើម្បីដើរឱ្យទាន់បរិបទថ្មី ឯកឧត្តម បន្តលើកទឹកចិត្ត និងស្នើសុំដល់លោកគ្រូ អ្នកគ្រូត្រូវតែធ្វើការស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ដែលកំពុងវវិត្តន៍ក្នុងបរិការណ៍ថ្មី ដើម្បីយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់សិស្សានុសិស្ស។

​ឯកឧត្តម បានស្នើសុំលោកគ្រូ អ្នកគ្រូ បន្តការអានសៀវភៅ ធ្វើការស្រាវជ្រាវ អោយបានច្រើន និងជួយជំរុញសិស្សក្នុងការអានផងដែរ ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវត្តន៍របស់ពិភពលោក។ ​ឯកឧត្តម ស្នើសុំឱ្យសាលារៀបចំបណ្ណាល័យឱ្យបានស្អាត នៅតាមវិទ្យាល័យ និងដាក់សៀវភៅអានឱ្យបានច្រើន និងគ្រប់គ្រាន់ ដើម្បីជួយដល់សិស្សឱ្យមានសមត្ថភាពក្នុងការស្រាវជ្រាវ។

​ឯកឧត្តមប្រតិភូ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូជួយបណ្តុះបណ្តាលទាំងជំនាញទុន និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្សឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ខ្ពស់​ ជាពិសេស ជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់កាល និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ ។

​ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់កិច្ចខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ឯកឧត្តម កៅ ថាច បានពាំនាំថវិកាដ៏ថ្លែថ្លា របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីធ្វើការឧបត្ថម្ភ ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប ឆ្នាំសិក្សា ២០១៩-២០២០ កន្លងមក ចំនួន ១៥ លានរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៣២៤ នាក់ ដែលមានវត្តមានក្នុងកម្មវិធី ក្នុងម្នាក់ៗចំនួន ៤ ម៉ឺនរៀល និងឧបត្ថម្ភដល់សាលាស្រុក ចំនួន ១លានរៀលផងដែរ។

បន្ទាប់ពីពិធីសំណេះសំណាលចប់រួចរាល់ភ្លាម ឯកឧត្តម កៅ ថាច ក៏បានឆ្លៀតឳកាសអញ្ជើញទៅពិនិត្យមើលកន្លែងដាំដុះបន្លែ របស់យុវជនស្រុក សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលជាជំនួយរបស់ក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល ដែលមានឯកឧត្តម កៅ ថាច ជាប្រធាន ដោយក្នុងពេលចុះពិនិត្យ អគ្គនាយកធនាគារ ARDB រូបនេះបានបង្ហាញបំណងចង់ឲ្យរោងដាំបន្លែតាមបច្ចេកទេសផ្ទះសំណាញ់មួយនេះ ក្លាយជារោងដាំបន្លែគំរូមួយ សម្រាប់ស្រុកខ្សាច់កណ្តាល ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានគោលនយោបាយជំរុញការដាំដុះបន្លែ ផ្លែឈើ បន្ថយការនាំចូលពីក្រៅប្រទេសដែលគ្មានប្រភពច្បាស់លាស់ ធ្វើឲ្យប៉ះពាល់សុខភាព។ ឯកឧត្តមក៏សង្ឃឹមដែរថា នាពេលខាងមុខនេះ នឹងមានទស្សនកិច្ចយុវជនក្នុងរោងដាំបន្លែមួយនេះ ហើយមកទល់ពេលនេះ ចាប់ផ្តើមមានអតិថិជនត្រៀមបញ្ជាទិញពីទីនោះបណ្តើរៗហើយ ប៉ុន្តែឯកឧត្តមបានជំរុញឲ្យមានការចុះកិច្ចសន្យាកសិកម្ម មានផែនការត្រឹមត្រូវ ដើម្បីធានាបានទាំងតម្លៃនិងនិរន្តរភាពទីផ្សា។ 

​ជាមួយគ្នានេះដែរ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ដែរថា ក្នុងនាមអាជ្ញាធរស្រុក​ លោកបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល ដែលបានប្រឹងប្រែងជំរុញការដាំដុះបន្លែនៅក្នុងស្រុក ជាពិសេស យុវជនស្រុកខ្សាច់កណ្តាល ដោយធ្វើការចងក្រងគ្នាជាសហគមន៍ និងដាំដុះតាមផែនការដើម្បីបានចំណេញច្រើនពេលយកទៅលក់នៅលើទីផ្សារ ជាពិសេស សម្រាប់ទុនចំណាយលើ​ការដាំដុះ ខាងធនាគារ ARDB តែងតែបានជួយផ្តល់ជាកម្ចីឥណទានដែលមានអត្រាការប្រាក់ទាប​ហើយកន្លងមក ក៏បានជួយអន្តរាគមន៍ចំពោះបញ្ហាពងទាធ្លាក់តម្លៃផងដែរ កាលពីពេលមុន។

ឯកឧត្តម កៅ ថាច បានមានប្រសាសន៍គូសបញ្ជាក់ដែរថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តែងតែណែនាំជាបន្តបន្ទាប់លើកិច្ចការងារជំរុញការដាំដុះបន្លែសុវត្ថិភាពនេះ ហើយឯកឧត្តមសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ជាពិសេស យុវជនខិតខំដាំដុះបន្លែឲ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមបង្កើនការផ្គត់ផ្គង់ក្នុងប្រទេស បន្ថយការនាំចូលពីក្រៅប្រទេស មិនត្រឹមចំណេញដល់សេដ្ឋកិច្ចតែម្យ៉ាងទេ ប៉ុន្តែក៏ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានសុខភាពល្អ តាមរយៈការទទួលទានបន្លែសុវត្ថិភាព៕ ​

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner