គណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ ដើម្បី ដាក់ចេញវិធានការបន្ថែមលើបញ្ហាសណ្តាប់ធ្នាប់ជាចំបង

ភ្នំពេញ៖ គណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំរួម ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាល នៃគណះអភិបាលខណ្ឌ និងជាប្រធានគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្ណាំ២០២១ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីចៅសង្កាត់ និងលោកមេប៉ុស្តិ ព្រមទាំងស្មៀនសង្កាត់ទាំង៨ ។

ក្នុងកិច្ចប្រជុំនេះ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា រាល់ថ្ងៃនេះ អ្នកធ្វើដំណើរ តែងនាំគ្នារអ៊ូរទាំពីបញ្ហាកកស្ទះចរាចរណ៍ ពិសេស លើកំណាត់ផ្លូវជាតិលេខ១ ។ ដូច្នេះ កម្លាំងគណបញ្ជាការឯកភាពយើង ត្រូវភ្ញាក់ពីព្រលឹម ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវ ដោយពុំចាំបាច់មានការបញ្ជារ ទើបចុះធ្វើនោះទេ ។

ចំពោះវិធានការណ៍ចំពោះមុខវិញ លោក ចេង មុន្នីរ៉ា បានប្រាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរ ត្រូវណែនាំដល់ម្ចាស់អាជីវកម្ម ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ១ សូមឲ្យរៀបចំណតរថយន្តឲ្យបានត្រឹមត្រូវ ចៀសវាងមកឈប់សំចតលើផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍។ បើម្ចាស់អាជីវកម្ម មិនគោរពតាមការណែនាំ គឺត្រូវស្ទូចរថយន្ត យកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យរាងចាល ព្រោះសព្វថ្ងៃនេះ អស់ពាក្យនឹងនិយាយអង្វរករតទៅទៀតហើយ ។

ជាមួយគ្នានេះដែរ លោក ចេង មុនីរ៉ា បានជំរុញឲ្យកម្លាំងគណបញ្ជាការឯកភាព ត្រូវសហការណ៍គ្នា ចុះអនុវត្តន៍ការងារ ឲ្យទទួលបានជោគជ័យ ក្នុងនាមអង្គភាពតែមួយ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner