ជំនួយសិក្សាល្អពីម្តាយឪពុក ជំរុញឱ្យកុមាររៀនកាន់តែពូកែ

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ៖ ម្តាយឪពុកជាបុគ្គលសំខាន់ជួយជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ចំណែ​ក​កូនៗដែលទទួលការអប់រំវិជ្ជមានពីម្តាយឪពុក រមែងទទួលបានភាពកក់ក្តៅនិងជោគជ័យលឿនរហ័សក្នុងដំណើរសិក្សា។ ទន្ទឹមគ្នានេះ ម្តាយឪពុកក៏ត្រូវមានវិធីសាស្ត្រអប់រំមួយចំនួនផ្តល់ជាមធ្យោបាយជួយពន្លឿនគុណភាពសិក្សារបស់កូនឱ្យមានប្រសិទ្ធភាពដែរ។ ខាងក្រោមនេះជាវិធីអាចជួយឱ្យកុមារកម្រិតថ្នាក់បឋមសិក្សា ទទួលបានលទ្ធផលសិក្សាល្អតាមរយៈជំនួយពីម្តាយឪពុក។   

  1. ចូលរួមសិក្ខាសាលាប្រចាំឆ្នាំរបស់សាលារៀន ៖ សាលាបឋមសិក្សាសាធារណៈ ឬនៅតាមសាលារៀនឯកជនមួយចំនួន តែងបង្កើតសិក្ខាសាលាផ្សេងៗជាច្រើន។ កម្មវិធីបែបនេះ អាចធ្វើឡើងចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំម្តង ហើយជាពេលវេលាដែលជួយឱ្យម្តាយឪពុកមានឱកាសជួបគ្រូបង្រៀន ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនិងចំណុចកែប្រែចំពោះការសិក្សារបស់កូនៗនៅឆមាសបន្ទាប់។
  2. ស្គាល់ទីតាំង និងព័ត៌មានរបស់សាលារៀនឱ្យច្បាស់លាស់ ៖ មា្តយឪពុក ឬអាណាព្យាបាលគួរស្វែងយល់ពីសាលារៀនរបស់កូនឱ្យបានច្បាស់លាស់ ទាំងកន្លែងញ៉ាំអាហារ កន្លែងលេង កន្លែងអង្គុយរៀនរបស់កូន។ ពេលស្គាល់ច្បាស់ពីបរិស្ថានសាលារៀនរបស់កូន នឹងអាចជួយឱ្យអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូន។
  3. បង្រៀនកូនឱ្យចេះធ្វើកិច្ចការផ្ទះ ៖ ភារៈសំខាន់របស់ម្តាយឪពុកពេលនេះ ត្រូវបង្រៀនកូនឱ្យចេះធ្វើកិច្ចការងារផ្ទះ។ ការងារនេះ វាអាចជួយកុមាររៀនសូត្រពីទំនួលខុសត្រូវចំពោះការងារ និងមានទម្លាប់ល្អក្នុងរស់នៅ។
  4. អាហារពេលព្រឹកត្រូវរួចរាល់ជារៀងរាល់ថ្ងៃ ៖ ការស្រាវជ្រាវរកឃើញថា កុមារទទួលទានអាហារពេលព្រឹកបានគ្រប់គ្រាន់និងទៀងទាត់ តែងធ្វើកិច្ចការបានល្អជាងកុមារដែលមិនបានទទួលអាហារពេលព្រឹក។ ដូច្នេះភារៈសំខាន់បំផុតរបស់ម្តាយឪពុកត្រូវធានាថា អាហារពេលព្រឹករបស់កូនត្រូវទៀងទាត់បំផុត។
  5. បង្រៀនកូនពីជំនាញរៀបចំ ៖ វិន័យផ្ទាល់ខ្លួន សណ្តាប់ធ្នាប់ ឥរិយាបថគំរូក្នុងការរស់នៅ វាបង្ហាញពីបំណិនប្រសប់នៃការរៀបចំខ្លួនបានល្អរបស់កុមារ។ ម្តាយឪពុកត្រូវបង្រៀនសកម្មភាពទាំងនេះ ដូចជាកិច្ចការផ្ទះ រៀបចំបន្ទប់ លេងកីឡា និងរបៀបរៀបចំខ្លួនជាដើម។
  6. បង្រៀនកូនឱ្យចេះស្រឡាញ់ការសិក្សា ៖ ម្តាយឪពុកត្រូវដាស់តឿនឱ្យកូនប្រឹងប្រែងរៀនសូត្រ បង្រៀនឱ្យចេះរៀបចំកាលវិភាគសិក្សា បង្កើតសកម្មភាពអានសៀវភៅ និងបង្រៀនកូនឱ្យរៀនដោះស្រាយបញ្ហា។ ម្តាយឪពុកគួរចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន ចៀសវាងជំរុញឱ្យកូនប្រឹងរៀនទាំងតក់ក្រហល់មុនថ្ងៃប្រឡងមក។
  7. ចំណាយពេលខ្លះពិភាក្សាជាមួយកូនអំពីការសិក្សា ៖ ពិភាក្សារឿងរ៉ាវដែលកូនបានជួប និយាយពីព័ត៌មានដែលកំពុងកើតឡើងនៅសាលារៀន សៀវភៅសិក្សា មុខវិជ្ជា និងគោលដៅរបស់កូន ព្រមទាំងផ្តល់មតិយោបល់មានប្រសិទ្ធភាពបន្ថែមដល់កូនបន្ថែម នឹងជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា​ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម៕
ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner