ប្រពន្ធដើម ប្តឹង ប្តី អោយជាប់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ មានលិខិតបញ្ជាក់ពីគ្រូពេទ្យ ទោះបីបានចាកចោលផ្ទះជាង៦ឆ្នាំ មកហើយ

កណ្តាល៖ទំនងជាខឹងប្តីដែលបានចាកចោលផ្ទះជាង៦ឆ្នាំ នោះ ប្រពន្ធដើម បានប្តឹងមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អោយចាប់ខ្លួន ប្តី ដាក់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ ដោយមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ ។

ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនប្តីមកកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោស ប្តី ដាក់ពន្ធនាគារ៤ខែ គិតពីថ្ងៃឃុំខ្លួន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមិនមានការព្យួរទោស ឡើយ ។

ជនជាប់ចោទមានឈ្មោះ បាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគក់ជេរដី មានទីកន្លែងកំណើតភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង មានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឈ្មោះ បាន សារ៉េត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាប់ខ្លួនដល់ផ្ទះតែម្តង នាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកជិតខាង ក្នុងបុរី ពិភពថ្មី ក្រុងតាខ្មៅ ។

ជនសង្ស័យ បាន សារ៉េត ជាប់ចោទពីបទ អំពើផិត តាមមាត្រា៧ និង មាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ។

ទោះបីជាបទល្មើសមិនជាក់ស្តែងក៏ដោយ ក៏សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ ក្រោយមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និង កំណត់ថ្ងៃសវនាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។

ដល់ថ្ងៃកំណត់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយការសួរដេញដោល និង ការសន្និដ្ឋានរបស់តំណាងអយ្យការ , លោកស្រីចៅក្រម ហេង ផល្លា បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ បាន សារ៉េត ដាក់ពន្ធនាគាររយៈពេល៤ខែ ដោយគ្មានការព្យួរទោសឡើយ ។

យោងតាមលិខិតបញ្ជាក់សុខភាព បង្ហាញថា ឈ្មោះ បាន សារ៉េត មានអាការ ជំងឺ ដូចជា ទឹកនោមផ្អែម , លើសសម្ពាធឈាម , ចុកពោះ , និង ធ្លាប់មានប្រវត្តិវះកាត់ប្រមាញ់ចេញ ។

តាមការបញ្ជាក់ពីជនជាប់ចោទ គឺ គាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ ខណៈលោកបានចាកចោលផ្ទះជាង៦ឆ្នាំ មកហើយ និង មិនមែនជាបទល្មើសជាក់ស្តែង នោះ ស្រាប់តែមានឃាត់ខ្លួន ទាំងលោកនៅមានជំងឺធ្ងន់ធ្ងរ ។

ពេលដើរចេញបន្ទប់សវនាការ លោកសំណូមពរអោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តារកយុត្តិធម៌ ជូនលោកផង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner