កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ អនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានក្រើនរំលឹកដល់បណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់អនាម័យ ថែទាំសុខភាពនិងបន្តសហការជាមួយ កម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចាត់តាំងកម្លាំងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ។ នាថ្ងៃទី២៨ មករា ឆ្នាំ២០២១ តាមបណ្តាកងឯកភាពចំណុះបានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងការការពារ អនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ដោយវាស់កម្ដៅ លាងដៃនិងអាល់កុលជាប្រចាំ មុនចូលបម្រើការងារក្នុងអង្គភាព ក្រៅពីនោះអង្គភាពបានបន្តយកចិត្តទុកដាក់ក្នុងការកសាង និងជួសជុលអាគារស្នាក់នៅរបស់កងទ័ព និងចូលរួមប្រឡងប្រណាំងក្នុងការបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីអភិវឌ្ឍន៍អង្គភាពឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។ ដោយឡែកនៅថ្ងៃ២៨មករានោះដែរ កម្លាំងបានបន្តប្រចាំការតាមច្រក និងយាមតាមមណ្ឌលធ្វើចត្តាឡីស័កក្នុងនោះរួមមាន កម្លាំងមួយចំនួន ប្រចាំការតាមច្រកទាំង៣ អូរស្មាច់ ថ្មដូន និងជប់គគីរ កម្លាំងមួយចំនួនទៀត សហការជាមួយក្រុមការងារ ទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកអូរស្មាច់ និងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ រថយន្តចំនួន១២គ្រឿង ចូលរួមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័កក្នុង ខេត្តឧត្តរមានជ័យ។