ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកកំពុងប្រែក្លាយខ្លួនជាតំបន់ទេសចរណ៍បែបធម្មជាតិជាទីទាក់ទាញ

ដោយ​៖​ម៉ាដេប៉ូ
​ព្រះវិហារ​៖​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតនៅ​ស្រុក​សង្គម​ថ្មី នៅក្នុង​ខេត្ត ព្រះវិហារ​ដែល​ក្រសួងបរិស្ថាន​បានផ្តល់​កិច្ចសហការ​អភិរក្ស​ដ​ល់​គម្រោង​ប៊ី​ទ្រី (Be Treed) របស់លោក បេន ដេ​វី​ស ជនជាតិ​អាមេរិក​បានធ្វើឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ហើយ​បើទោះបី​ភ្ញៀវ​មាន​ចំនួន​មាន​កម្រិត​ក្តី ប៉ុន្តែ​ទីនេះ​បាន​បើកទ្វារ​រង់ចាំ​ភ្ញៀវទេសចរ​រៀងរាល់ថ្ងៃ​ផងដែរ​។​

​​​​​​​​
គួរ​បញ្ជាក់ថា បេន​ដេ​វី​ស ជា​ជនជាតិ​អាមេរិក និង​ភរិយា​គាត់​ជា​ជនជាតិ​អូស្ត្រាលី​បាន​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃឈើ​សត្វព្រៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជារ​យៈ​ពេល​ជាង​២០​ឆ្នាំ​ហើយ រហូត​បាន​បង្កើតជា​តំបន់​អភិរក្ស​សត្វ​និង​ព្រៃឈើ​នៅ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នៅ​ខេត្តព្រះវិហារ​។ បេន ដេ​វី​ស បាន​នាំ​ប្រពន្ធ​និង​កូនស្រី​គួរ​ជាទី​ស្រឡាញ់​២​រូប​មក​រស់នៅ​ក្នុងព្រៃ​ដើម្បី​ការពារ​និង​អភិរក្ស​សត្វ និង​ព្រៃឈើ​នៅ​កម្ពុជា​។ កូនៗ​និង​ប្រពន្ធ​របស់គាត់​បាន​សុខចិត្ត​មក​រស់នៅ​ក្នុងព្រៃ​ជាមួយ​ដោយ​បោះបង់ចោល​ការងារ​និង​មិនបាន​ចូលរៀន​សូត្រ​តាម​សាលារៀន​ឡើយ​។
បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងពេល​បំពេញ​ទស្សនកិច្ច​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក បេន ដេ​វី​ស បានឱ្យដឹងថា​លោក​បាន​ស្ម័គ្រចិត្ត​មក​ចូលរួម​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ​បន្ទាប់ពី​មើលឃើញ​តំបន់​នេះ​សំបូរ​ទៅដោយ​សត្វ​ច្រើន​ប្រភេទ​រូ​ចមក​។

លោក​បាន​ថ្លែងថា​៖«​សត្វព្រៃ​និង​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើងទាំងអស់គ្នា សម្រាប់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​វិស័យ​ទេសចរណ៍​។ ហេតុនេះ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ចូលមក​ការពារ​តំបន់​នេះ​»​។


ដោយ​ជួបប្រទះ​បញ្ហា​ឧបសគ្គ​ច្រើន​រាប់មិនអស់​និង​ព្រមជាមួយ​ជួប​ការលំបាក​នា​កន្លងមក បុរស​ជនបរទេស​ដែល​ស្ម័គ្រចិត្ត​មក​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា​រូបនេះ​បានបញ្ជាក់​ប្រាប់​ដែរ​ថា​៖ «​កាលពីមុន ខ្ញុំ​ជួប​ការលំបាក តែ​ពេលនេះ​មាន​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ជ្រោមជ្រែង​ជា​បន្តបន្ទាប់ ហើយ​បើ​គិត​មកទល់ពេលនេះ លែង​សូវ​លំបាក​ទៀតហើយ​»​។

លោក បេន ដេ​វី​ស បានបង្ហាញ​ទំនុកចិត្ត​បន្ទាប់ពី​មាន​វត្តមាន​ពី​សំណាក់​កងកម្លាំង មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន កម្លាំងចម្រុះ​រួមមាន​មន្ត្រីនគរបាល និង​កងរាជអាវុធហត្ថ និង​ប្រជា​ការពារ​សហគមន៍​បាន​ចូលរួម​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ធ្វើឱ្យ​កិច្ចការពារ​ព្រៃឈើ​និង​សត្វព្រៃ​មួយកន្លែង​នេះ​មា​នភា​ពល​ល្អប្រសើរ ហើយ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​មកនេះ សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការ​បរបាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​មានការ​ថយចុះ​ច្រើន បើ​ធៀប​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​
ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​នេះដែរ ត្រូវបាន​បុរស​ការពារ​សត្វព្រៃ​ជនបរទេស​ដ៏​ល្បីឈ្មោះ​រូបនេះ​ប្រាប់ថា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​នេះ​សំបូរ​ទៅដោយ​សត្វ​ច្រើន​ប្រភេទ​និង​សត្វ​កម្រ​បំផុត​ក្នុង​លោក​ក្នុងនេះ​ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វ​ស្វា ក្ងោក មាន់ព្រៃ​និង​សត្វ​ជាច្រើន​ទៀត​កំពុងមាន​វត្តមាន​ច្រើន​នៅទីនេះ​។​
​ យ៉ាងណាក្តី លោក​បាន​ត្អូញត្អែរ​ដែរ​ថា​៖ «​ពេលនេះ បញ្ហា​ប្រឈម​នៅតែមាន​គឺ​ក្រុម​ជន​ខិល​ខិ​ច​បាន​លបលួច​ដាក់​អន្ទាក់​ដែល​ទោះបី​យើង​ខំ​ដើរ​ដោះ​យ៉ាងណា​ក៏​មិន​អស់​ដែរ​។ អន្ទាក់​ប្រៀបដូចជា​មីន​គឺ​មីន​សម្រាប់​សត្វ​»​។
ជាមួយគ្នានេះ​លោកស្រី​សារី​ន ភរិយា​របស់លោក បេន​ដេ​វី​ស​បានឱ្យដឹងថា​នៅ​កន្លែង​នេះ​មាន​បម្រើ​ម្ហូបអាហារ ផ្ទះសំណាក់​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​។​កន្លងមក​មាន​ភ្ញៀវទេសចរ​ជាច្រើន​ពិសេស​ជនជាតិខ្មែរ​បាន​ចូល​ទស្សនា​ព្រៃឈើ​និង​សត្វព្រៃ​នៅ​កន្លែង​នេះ​។

លោកស្រី​សារី​ន​បាន​បញ្ជាក់ប្រាប់​ដែរ​ថា​៖«​បើ​អ្នក​ចូលមក​កម្សាន្ត​នៅទីនេះ​ត្រូវ​ប្រាប់​ខ្ញុំ​មុន​តាមរយៈ​ទូរស័ព្ទ​ឬ​ហ្វេ​ស​ប៊ុ​ក​ពីព្រោះថា​មាន​កម្រិត​ទទួលភ្ញៀវ​។​ទីនេះ​មិនអាច​ទទួលបាន​ច្រើនពេក​ទេ​។​ខ្ញុំ​មាន​រៀបចំ​អាហារ​បែប​បួស​ទុក​ជូន​ពួកគាត់​»​។ ស្ត្រី​រូបនេះ​រៀបរាប់​ដែរ​ថា​ក្រៅពី​មើល​ព្រៃឈើ សត្វព្រៃ​ទីកន្លែង​នេះ​ក៏មាន​បម្រើ​ជិះ​ខ្សែ​រ៉ក​ពីលើ​ភ្នំ​ត្នោត​ចុះមក​ក្រោម​ដើម្បី​ទស្សនា​ទេសភាព​ព្រៃភ្នំ​និង​ទឹកជ្រោះ​យ៉ាង​ស្រស់ស្អាត​ទៀតផង​។​
ឯកឧត្តម ​នេត្រ ភក្ត្រា ជា​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ចុះទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក បាន​ថ្លែងឱ្យដឹងថា បច្ចុប្បន្ន​ក្រោម​ការការពារ​និង​អភិរក្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ និង​មានការ​ចូលរួម​ពី​ដៃគូ​ដូចជា ប៊ី​ទ្រី គម្រោង​ព្រៃ​ឡង់​បៃតង​របស់​សហរដ្ឋអាមេរិក ពិសេស​ក្រុម​សហគមន៍​នៅ​ទីនោះ​ផ្ទាល់​បានធ្វើឱ្យ​តំបន់​ដែនជម្រកសត្វព្រៃ​មួយ​នេះ​បាន​វិ​វត្ត​ខ្លួន​បន្តិច​ម្តងៗ​ប្រែក្លាយជា​តំបន់​ដែនជម្រកសត្វព្រៃ​ដែលមាន​សក្តានុពល និង​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ព្រៃភ្នំ​។​

     ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា តាមរយៈ​ការគាំទ្រ​របស់​ក្រសួងបរិស្ថាន លោក បេន បានទទួល​មូលនិធិ​បរិស្ថាន និង​សង្គម ជួយ​គាំទ្រ​ដល់​ការងារ​របស់លោក បេន ដេ​វី​ស ក្នុង​មួយឆ្នាំ ២​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​។ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នេះ​គេ​ឃើញថា​ព្រៃឈើ សត្វព្រៃ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ទីកន្លែង​នេះ​បានរៀបចំ​កាន់តែ​ប្រសើរឡើង​បន្តបន្ទាប់​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍​។​ក្រៅពីនេះ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងបរិស្ថាន​បានរៀបចំ​ក្រុម​អ្នក​អភិរក្ស​ជាច្រើន​ក្រុម​ដើម្បី​ដាក់ពង្រាយ​សម្រាប់​កិច្ចការពារ​តំបន់​អភិរក្ស​តំបន់​មួយ​នេះ​ដែល​អាចធ្វើឱ្យ​ក្រុម​ជនល្មើស​ខ្លបខ្លាច និង​ថមថយ​ចុះ​ផងដែរ​។​
     ឯកឧត្តម ​រដ្ឋលេខាធិការ​បា​ន​ថ្លែង​ដែរ​ថា​ក្រសួងបរិស្ថាន​ពិសេស​តាមរយៈ​ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​បាន ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង និង​លើកទឹកចិត្ត​ដល់ លោក បេន ដេ​វី​ស និង​ក្រុមគ្រួសារ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​។           ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា បាន​អំពាវនាវ​ឱ្យ ក្រុម​សហគមន៍ , ប្រជាពលរដ្ឋ ត្រូវ​រួមសហការ​គ្នា និង​មានការ​ឯកភាពគ្នា ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ប្រកបដោយ​និរន្តរភាព ព្រោះ​ធនធានធម្មជាតិ ជា​អាយុជីវិត​របស់​យើងទាំងអស់គ្នា​។​ឯកឧត្តមក​ចាត់ទុកថា ព្រៃឈើ ក៏ដូចជា​សត្វព្រៃ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត មនុស្ស សត្វ​។​ជាមួយគ្នា​វា​ក៏​ជា​ប្រ​ភ​ព្វ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ប្រទេសជាតិ​។​
    ដោយឡែក លោក​ឈុន​ឆេង អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្តព្រះវិហារ​បានបញ្ជាក់​ប្រាប់ថា ការអប់រំ​និង​ផ្សព្វផ្សាយ​ពី​សារៈប្រយោជន៍​ព្រៃឈើ និង​សត្វព្រៃ ដល់​ពលរដ្ឋ គឺជា​រឿង​មួយ​មិនអាច​មើលរំលង​បានឡើយ​។​
     លោ​កថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហការ​ជាមួយ​កង​ម្លាំ​ង​សមត្ថកិច្ច ប្រជា​សហគមន៍​បានរួម​គ្នា​ការពារ​ព្រៃឈើ សត្វព្រៃ ធ្វើឱ្យ​តំបន់​នេះ​បច្ចុប្បន្ន​នៅ​សំបូរ​ទៅដោយ​សត្វព្រៃ​និង​ព្រៃឈើ​ដែល​ថ្ងៃ​ខាងមុខ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍​យ៉ាងសំខាន់​មួយ​ផងដែរ​នៅ​ខេត្តព្រះវិហារ​។​
     គួរ​បញ្ជាក់ថា​កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានប្រគល់​ជូន​លោក បេន ដេ​វី​ស នូវ​រថយន្ត​១​គ្រឿង និង​ម៉ូតូ ២​គ្រឿង​សម្រាប់​ដើរល្បាត​។​ចំណែក​ក្រសួងបរិស្ថាន​ក៏បានផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ​ក្នុ​ថ​មួយឆ្នាំ​សម្រាប់​រយៈពេល ៥ ឆ្នាំ ដល់ លោក បេន ដេ​វី​ស​ដែល​កំពុង​រស់នៅ​ជាមួយ​គ្រួសារ និង​បាន​លះបង់​កំលាំងកាយ​ចិត្ត ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ​នេះ​ផងដែរ​៕


ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner