សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅបាក់ខែង នៅព្រឹកស្អែកនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសមិនឲ្យរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ មិនឲ្យបើកឆ្លង កាត់លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហុតដល់ស្ពានព្រែកព្នៅ រយៈពេលមួយព្រឹក រហូតដល់ចប់កម្មវិធី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ ។
គួររម្លឹកថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត ស្ថិតនៅសង្កាត់បាក់ខែង ចំណាយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក។
បើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង មានសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់បាក់ខែង ចាប់ផ្តើមសាងសង់ នៅខែមេសា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និរោធ ជំហានទី២ បានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីដើមខែមេសា ឆ្នាំ២០១៧។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ស្ថិតក្រោមសហហិរញ្ញប្បទាន ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ដំណាក់កាលដំបូង នៃការសាងសង់នឹងសាងសង់រោងចក្រ និងបំពង់បង្ហូរ ក្នុងតម្លៃ ១៥៥ លានដុល្លារ។ ដំណាក់កាលទី ២ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាត នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ទ្វេដង ក្នុងតម្លៃ ៤៥ លានដុល្លារ ដែលធ្វើឱ្យរោងចក្រនេះ ផលិតទឹកស្អាត បាន ៣៩០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Vinci បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ សម្រាប់ដំណាក់កាលទី១ នៅឆ្នាំ២០១៩ និងកិច្ចព្រមព្រៀងទី២ សម្រាប់ដំណាក់កាលទី២ នៅឆ្នាំ២០២០។ ការស្ថាបនាដំណាក់កាលទី១ នឹងត្រូវបញ្ចប់ នៅចុងឆ្នាំ២០២២ ខណៈដែលដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ ក្នុងឆ្នាំ២០២៣។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង នឹងក្លាយជាទីតាំងផលិតទឹកស្អាតធំជាងគេ នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលការសាងសង់ ត្រូវបានបញ្ចប់ យើងនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានប្រមាណជា ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រាជធានីភ្នំពេញ សព្វថ្ងៃ មានរោងចក្រផលិតទឹកស្អាត ចំនួន ៤ ដែលផលិតបានចំនួន ៦៥០,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ៕ ដោយវណ្ណលុក