រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន ដោយដាក់បញ្ចូលវិធានការការពារជំងឺឆ្លងទៅក្នុងគោលនយោបាយថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ការកែសម្រួលគោលនយោបាយនេះធ្វើឡើងបន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍អស់រយៈពេលដប់ឆ្នាំកន្លងមក។
គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលបានកែសម្រួលនៅពេលនេះ មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។
គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិប្រាំពីរចំណុច។ ទីមួយ គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ទីពីរ គ្មានបទល្មើសគ្រឿងញៀន។ ទីបី គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ទីបួន ភូមិឋានមានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។
ចំណុចទីប្រាំ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ទីប្រាំមួយ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទីប្រាំពីរ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី 08 ខែមករា ឆ្នាំ 2021 កន្លងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចជុំពិនិត្យកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់សុវត្ថិភាព ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត៕