ទេសចរណ៍សិង្ហបុរីទទួលបទពិសោធន៍ជូរចត់ខ្លាំងពីអត្រាធ្លាក់ចុះនៃភ្ញៀវបរទេសកាលពីឆ្នាំ2020
បរទេស៖យោងតាមសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារទេសចរណ៍នៃប្រទេសសិង្ហបុរីឬ STB កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ និងបរទេសដែលបានធ្វើដំណើរមកដល់ប្រទេសមានចំនួនធ្លាក់ចុះខ្លាំងមិនធ្លាប់មានកាលពីឆ្នាំ2020។
ជាបទពិសោធដ៏គួរឲ្យជូរចត់មួយដែរសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះក្រោយពេលដែលតួលេខបានបង្ហាញថាការធ្លាក់ចុះនៃចំនួនភ្ញៀវបរទេសនៅក្នុងឆ្នាំ2020 មានអត្រាដល់ទៅ 85.7 ភាគរយ ពោលគឺពី 19.1 លាននាក់កាលពីឆ្នាំ2019 មកត្រឹមតែ 2.7 លាននាក់ប៉ុណ្ណោះ ។
STB បានបានបន្តទៀតថា សម្រាប់ប្រាក់ចំណូលដែលទទួលបានពីវិស័យទេសចរណ៍ក៏មានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានផងដែរគឺដល់ទៅ 78.4 ភាគ។ តួលេខបានបង្ហាញថាចំណូលពីទេសចរណ៍គឺមានត្រឹមតែ3ខែដើមឆ្នាំប៉ុណ្ណោះប្រមាណជា 4.4 ពាន់លានដុល្លារធៀបទៅនឹងចំណូលដែលធ្លាប់ទទួលបានកាលពីឆ្នាំ2019 ដែលមានរហូតទៅដល់ 27.7 ពាន់លានដុល្លារ។
តាមការវិភាគរបស់ STB ដដែលបានលើកឡើងថា បើទោះបីជាមានការអភិវឌ្ឍនៃវ៉ាក់សាំងការពារកូវីដជាច្រើនក្រុមហ៊ុនក្តី ប៉ុន្តែវានឹងចាំបាច់ត្រូវការពេលវេលាយូរទៀតក្នុងការវិលត្រឡប់នៃការធ្វើដំណើរកំសាន្តបែបទ្រង់ទ្រាយធំ និងដើម្បីទំនុកចិត្តពីអ្នកធ្វើដំណើរវិញ។
កាលពីឆ្នាំទៅនោះផងដែរសណ្ឋាគារទាំងឡាយនៅទូទាំងប្រទេសបានក្លាយទៅជាអគារដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទៅនឹងកូវីដដោយអាចបម្រើសេវារបស់ខ្លួនជូនទៅដល់មនុស្សប្រមាណជា 80,000 នាក់ក្នុងពេលធ្វើចត្តាឡីស័ក ហើយក្នុងនោះមានប្រមាណជា 2,300 នាក់ជាក្រុមការងារជួរមុខរបស់ក្រសួងសុខាភិបាល៕