អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ និងបើកឱ្យដំណើរការ នៅដើមឆ្នាំ២០២៣
ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសម្បទានអភិវឌ្ឍអាកាសយានដ្ឋាន បានរាយការណ៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបាន៣៥%នៃការងារសាងសង់ទាំងមូល និងគ្រោងសម្រេចឱ្យបាន៦៧% នៅចុងឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់ នៅចុងឆ្នាំ២០២២ មុននឹងឈានទៅដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៣។
សេចក្តីរាយការណ៍នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណ:កម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី (សៀមរាប-អង្គរ) ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មការ កាលពីព្រឹកថ្ងៃទី២ កុម្ភៈ ២០២១។
ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសាងសង់របស់ក្រុមហ៊ុន និងបានជំរុញឱ្យក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ហើយគណៈកម្មការនឹងផ្តល់ការគាំទ្រចាំបាច់នានាដល់ក្រុមហ៊ុន ដើម្បីសម្រេចការអភិវឌ្ឍគម្រោងនេះតាមផែនការគ្រោងទុក។