ប្រមុខយោធាមីយ៉ាន់ម៉ានិយាយថា រដ្ឋប្រហារគឺជារឿងជៀសមិនផុត និងថា ការចូលកាន់អំណាចរបស់យោធាគឺស្របតាមច្បាប់
មីយ៉ាន់ម៉ា៖ ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សាន ស៊ូជី គឺជារឿងជៀសមិនផុត នេះបើតាមការអះអាងរបស់ប្រមុខយោធាមីយ៉ាន់ម៉ា លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង នៅថ្ងៃអង្គារម្សិលមិញ ស្របពេលដែលរដ្ឋាភិបាលអាមេរិកចាត់ទុកការដណ្តើមអំណាចនេះជារដ្ឋប្រហារមួយ ។
ក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពីយោធាចូលកាន់កាប់អំណាច លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង បាននិយាយថា ការចូលកាន់អំណាចរបស់យោធាគឺស្របតាមច្បាប់ ក្រោយរដ្ឋាភិបាលខកខានក្នុងការឆ្លើយតបនឹងសារទុក្ខរបស់ក្រុមយោធា អំពីការលួចបន្លំក្នុងការបោះឆ្នោត និងថា បន្ទាប់ពីសំណើជាច្រើនត្រូវបដិសេធ វិធីនេះជាការជៀសមិនផុតសំរាប់ប្រទេស និងវាជាហេតុផលដែលយើងជ្រើសយកវា ។
សូមបញ្ជាក់ថា ក្រោយរដ្ឋប្រហារភ្លាមៗ លោកឧត្តមសេនីយ៍ មីន អោង ហ្លេង ត្រូវបានផ្តល់អំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងយុត្តិធម៌ ដោយបានប្រែក្លាយមីយ៉ាន់ម៉ាទៅជារបបយោធាជាស្វ័យប្រវត្តិ បន្ទាប់ពីបានស្ថិតនៅក្រោមរដ្ឋាភិបាលស៊ីវិលបាន១០ឆ្នាំ ៕ ប្រភព៖ Reuters