បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។
ពិធីនោះ ធ្វើ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អនុស្សារណៈនៃការយោគយល់នោះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនោះជូនពរដល់ថ្នាក់ដឹកនាំកងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខផងដែរ៕កឹម ទៀង