ក្រុមប្រទេស G7 ថ្កោលទោសការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអំពាវនាវអោយបញ្ចប់ការដាក់ប្រទេសនេះក្នុងគ្រាអាសន្ន
បរទេស៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 បានថ្កោលទោសការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងបានបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ខ្លួន ជុំវិញការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្រ្តីជានខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ។
ក្រុមប្រទេស G7 បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ពួកយើង… រដ្ឋមន្រ្តីការបរទេស G7 នៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានរួបរួមគ្នាថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ។ យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី និងប្រធានាធីបតី លោក យូ វីន ម្យីនត៍ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។
ទន្ទឹមគ្នា ក្រុមរដ្ឋមន្រ្តីការបរទេស G7 ក៏បានធ្វើការអំពាវនាវអោយយោធាបញ្ចប់ការដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងគ្រាមានអាសន្ន ហើយអនុញ្ញាតអោយមានដំណើរការផ្នែកមនុស្សធម៌ដោយគ្មានការរឹតត្បិត ដើម្បីគាំទ្រដល់ជនងាយរងគ្រោះបំផុត ៕ ប្រភព៖ Reuters