មេដាយមាស១៥គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាតេក្វាន់ដូ ITF ត្រូវប្រជែង គឺជាអម្រែកធ្ងន់ តែក៏ជាមោទនភាពដ៏ធំធេង

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ឯកឧត្តម កែវ រ៉េមី មានប្រសាស៍ថា «ការដាក់ជាផែនការយុទ្ធសាស្ត្រឲ្យ ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាប្រជែងមេដាយមាសឲ្យបាន១៥គ្រឿង គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែក៏ជាមោទនភាពដ៏ធំធេងរបស់យើងផងដែរ ។» ការលើកឡើងបែបនេះ ក្រោយបញ្ចប់ការប្រកួតដំឡើងថ្នាក់ដាន់របស់កីឡាករ កីឡាករិនីជម្រើសជាតិ នាល្ងាចម្សិលមិញ នៅសាល ហ្វកហាត់របស់សហព័ន្ធតេក្វាន់ដូ ITFកម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។


ឯ ឧ កែវ រ៉េមី បញ្ជាក់បន្ថែមថា មេដាយមាស១៥គ្រឿងនេះ គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃនេះ ក៏ជាមោទនភាពរបស់យើងដែរ ដោយគណៈកម្មាធិការជាតិ បានដឹងពីកម្រិតគុណភាពយើងប៉ុណ្ណា។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងជំរុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ ត្រូវបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីធានាថាត្រូវតែយកឲ្យបានមេដាយមាស១៥គ្រឿង ។ ឯ ឧ ប្រធាន បានជម្រាបជូនថា សម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការបង្កើនការហ្វឹកហាត់ ការពង្រឹងវិន័យ ។ មនុស្សទាល់តែមានវិន័យ ទើបការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយជាមួយម្ចាស់ផ្ទះកម្ពុជា មានដូចជា សឹង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម ក្នុងនោះឯកឧត្តម បានចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មានភាពខ្លាំក្លាលើប្រភេទតេក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបស័គ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ ហើយកម្ពុជាក៏មានបទពិសោធន៍យ៉ាងច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោក និងអាស៊ីជាដើម ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបស័គ្គធំពេកទេ ។ ឯកឧត្តម បានលើកឡើងថា ទោះបីជាបែបនេះ យើងមិនត្រូវមើលស្រាល ឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃសម្រាប់ការហ្វឹកហាត់ ដោយត្រូវជឿជាក់លើខ្លួនឯង មិនត្រូវមានការភ័យ សម្រាប់ការប្រកួតឡើយ ដែលចំណុចទាំងអស់នេះ ឯកឧត្តម តែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យកាន់តែមានស្មារតីមុះមុតបន្ថែមទៀត ។

ឯកឧត្តមកែវ រ៉េមី បានបន្ថែមថា នៅក្នុងការប្រកួតនេះ គឺពិនិត្យមើលលើកម្រិតគុណភាពបច្ចេកទេសរបស់ កីឡាករ កីឡាការិនីជម្រើជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ហើយជាពេលវេលាមួយ ដែលត្រូវដំឡើងខ្សែក្រវាត់ ខណៈការពិនិត្យមើលគុណភាពបច្ចេកទេសរបស់ពួកគាត់មិនមានការប្រែប្រួលនោះទេ ដោយមានអ្នកខ្លះធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តមិនមានបញ្ហាអ្វីទេ សម្រាប់យុវជនទាំងនេះ ។ អ្វីដែលយើងនិយាយគឺឲ្យខ្លាំងបន្តិច ដើម្បីជំរុញពួកគាត់ឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីជាក្តីសង្ឃឹមសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលប្រភេទកីឡាតេក្វាន់ដូ ITF នឹងអាចកសាងប្រវិត្តិសាស្ត្រថ្មី ក្នុងការប្រជែងមេដាយជូនជាតិ ។

ឯ ឧ កែវ រ៉េមី ប្រធានសហព័ន្ធ បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ (CAMSOC) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា បានដាក់តេក្វាន់ដូ ITF ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ គឺជាកិត្តិសធំធេងណាស់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner