ឆ្នាំ២០២១ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា ចាប់ផ្តើមពង្រឹង២វិញ្ញាសា ដើម្បីត្រៀម ស៊ីហ្គេម នៅវៀតណាម
ក្រោយបញ្ចប់ការប្រកួតកីឡាទ្រីអាត្លុនជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តកែប កាលពីពេលថ្មីៗកន្លងទៅនេះ លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២១នេះ សហព័ន្ធនឹងចាប់ផ្តើមពង្រឹងសក្តានុពលវិញ្ញាសាចំនួន២ ដើម្បីត្រៀមខ្លួនចូលរួមប្រជែងមេដាយពីព្រឹត្តិការណ៌កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ។
លោក អគ្គលេខាធិការលើ បញ្ជាក់ថា វិញ្ញាសា២ ដែលសហព័ន្ធគ្រោងនិងដាក់ផែនការសម្រុកហ្វឹកហាត់ក្នុងការត្រៀមខ្លួន ឆ្នាំ២០២១នេះ មានវិញ្ញាសាទ្រីអាត្លុន និងវិញ្ញាសាឌូអាត្លុន ដោយវិញ្ញាសាទាំងពីរនេះ ត្រូវបានប្រទេសវៀតណាមសម្រេចដាក់បញ្ចូល ក្នុងការប្រកួតប្រជែងកីឡាស៊ីហ្គេម ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា យើងត្រូវតែពង្រឹងកម្មវិធីហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាជាងបណ្តាឆ្នាំកន្លងទៅ ដោយសារតែបញ្ហាវិបត្តិជំងឺកូវីដ-១៩ ការហ្វឹកហាត់របស់អត្តពលិកជម្រើសជាតិ មិនជាទៀងទាត់ ធ្វើឲ្យសមត្ថភាពធ្លាក់ចុះ ដូច្នេះឆ្នាំ២០២១នេះ ស៊ីហ្គេម នៅវៀតណាម គឺជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក ងិន សុបញ្ញា អះអាងទៀតថា សម្រាប់ការហ្វឹកហាត់ត្រៀមនេះ សហព័ន្ធមានកន្លែងហ្វឹកហាត់ចំនួន៣ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញមាន២ទីតាំង គឺកីឡាដ្ឋានមរតតេជោ និងកីឡាដ្ឋានស្តាតអូឡាំពិក និងទីតាំងទី៣ នៅខេត្តកែប ។
លោក ងិន សុបញ្ញា អះអាងទៀតថា ការប្រកួតកីឡាទ្រីអាត្លុងជ្រើសជើងឯក ឆ្នាំ២០២០ ដែលរៀបចំនៅខេត្តកែបកាលពីពេលថ្មីនេះ អត្តពលិកចូលរួមប្រជែងមិនមានការកើនឡើងសមត្ថភាពនោះទេ ពោលដោយសារតែជំងឺកូវីដ-១៩ ៕