នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះត្រួតពិនិត្យទីតាំងនាវាចំណាស់ ដែលលិចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

កំពង់ចាម៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំក្រុមការងារចុះទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។

ក្រុមការងារជំនាញបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៧តោន គ្រោងឆ្អឹងមនុស្សចំនួន២ចំណែក កាំភ្លើង មួកទាហាន ស្លាកឈ្មោះ របស់របរមួយចំនួនទៀតជាដើម។

ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលបានរុករកឃើញនេះ គឺនៅនាវាម៉ារីនមួយគ្រឿងដែលបានលិចក្នុង បាតទន្លេមេគង្គ មានជម្រៅទឹកពី២៥ ទៅ៣០ម៉ែត្រ កាលពីសម័យសង្គ្រាមស៊ីវិលនោះ រួមមាន៖ ប្រភេទគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨១ មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ របស់អាមេរិក។

មេបញ្ជាការរូបនេះ បញ្ជាក់ថា៖ «មិនត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះទេ គឺកម្លាំងជំនាញរបស់លោកបានប្រមូលវត្ថុតាងជាច្រើនរួមមាន៖ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ជាដើម»

នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner