សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លើកទឹកចិត្តដល់ពលរដ្ឋ ដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ
សៀមរាប៖ ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់លោក ឃឹម ប៉ូសាយ និងលោកស្រី ម៉ម វាសនា ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ មានប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។ ការប្រគល់ផ្ទះធ្វើឡើងក្នុងវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ព្រមទាំងវត្តមានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
លោកស្រី ទាង អេង ទៀសីហា លើកទឹកចិត្តដល់បងប្អូនឲ្យបន្តការដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមបងប្អូនទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ «យើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិតខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ»។
អំណោយមនុស្សធម៌សម្រាប់គ្រួសារទទួលបានផ្ទះ មាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៤សែនរៀល។ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុតនិងថវិកា៤សែនរៀល។
ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន ២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០,៤មែត្រ។ សមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕
![](https://asset.ams.com.kh/central/media/2021/02/fn-2021-02-03-21-00-09-1-1024x682.jpg)