បឋមសិក្សាចតុមុខ ក្លាយជាសាសាអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយគំរូមុខគេ
………………………………………..
ភ្នំពេញ៖ សាលាបឋមសិក្សាចតុមុខ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូមុនគេក្នុងឆ្នាំសិក្សា 2021 នេះ។ ការដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាសំដៅដល់សំណុំសកម្មភាពផ្សេងៗ លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយ ផ្លូវចិត្ត និងសង្គមរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-19 ការយកចិត្តទុកដាក់សុខភាពសិក្សាជាអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវគិតដល់សុខភាពបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅតាមសាលារៀន។ ឯកឧត្តមបានបញ្ជាក់ថា ការអប់រំនៅសាលារៀនផ្តល់ឱ្យសិស្សានុសិស្សនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការគិតគួរដល់សុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាចំណែកលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរឡើង។
“បើក្មេងមិនមានសុខភាពល្អរឹងមាំ មិនអាចរៀនពូកែបានទេ ! ឈឺច្រើនវាប៉ះពាល់ដល់ការវិវឌ្ឍន៍ខួរក្បាល ធ្វើឱ្យក្មេងរៀនមិនពូកែ។ ដូច្នេះការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្សជាកត្តាសំខាន់ជួយឱ្យកុមាររៀនពូកែ” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។
ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសំណូមពរឱ្យគ្រប់ខេត្ត-ក្រុងទាំងអស់ បង្កើតជាសាលាគំរូស្តីពីការអនុវត្តសុខភាពសិក្សាយ៉ាងហោចណាស់ឱ្យបានមួយ។ “ឥឡូវនេះ យើងប្រកាសសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ។ ខ្ញុំសូមស្នើសុំឱ្យគ្រប់ខេត្ដទាំងអស់ បង្កើតសាលាគំរូនេះផងដែរ។ យើងអញ្ជើញលោក លោកស្រីជាប្រធានមន្ទីរអប់រំមកចូលរួមនៅក្នុងកម្មវិធីប្រកាសនៅថ្ងៃនេះ ដើម្បីរៀនសូត្រពីគំរូ ហើយទៅពិនិត្យសាលារៀនណាដែលអាចរៀបចំឱ្យទៅជាសាលាគំរូបែបនេះបាន”។
នៅក្នុងពីធីដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូ លោកសូ ធី នាយករងសាលាបឋមសិក្សាចតុមុខ មានប្រសាសន៍ថា ទន្ទឹមនឹងភារកិច្ចអប់រំឱ្យសិស្សមានចំណេះដឹង និងសីលធម៌ សាលាបឋមសិក្សាចតុមុខបានយកចិត្តទុកខ្ពស់បំផុតលើសុខភាពសិក្សា។ លោកបន្តថា ការលើកកម្ពស់សុខភាពសិក្សាឱ្យបានល្អ ជាមូលដ្ឋានគ្រឹះចូលរួមអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សពេញលេញ។
ឆ្នាំសិក្សា 2020 – 2021 សាលាបឋមសិក្សាចតុមុខ មានបុគ្គលិកសិក្សាសរុបចំនួន 56 នាក់ ក្នុងនោះមានស្ត្រីចំនួន 39 នាក់ និងមានសិស្សសរុបចំនួន 1,535 នាក់ ក្នុងនោះមានសិស្សស្រីចំនួន 771 នាក់។ ជោគជ័យជាបន្តបន្ទាប់នៃការងារលើកកម្ពស់សុខភាពសិក្សា កាលពីឆ្នាំ 2017 សាលាបឋមសិក្សាចតុមុខធ្លាប់ទទួលបានចំណាត់ថ្នាក់សាលារៀនល្អទូទាំងប្រទេសលេខពីរ និងទទួលបានចំណាត់ថ្នាក់លេខពីរ ស្តីពីនាយកសាលាដឹកនាំល្អ កាលពីឆ្នាំ 2018។
លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ បានបញ្ជាក់ថា កន្លងទៅសាលាបឋមសិក្សាចតុមុខបានអនុវត្តកិច្ចការលើកម្ពស់សុខភាពសិក្សាបានល្អប្រសើរ តាមរយៈការងារបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន។ “ ដើម្បីសម្រចបានគោលបំណងនេះ សាលាបានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន បង្កើតជាគណៈកម្មការសុខភាពសិក្សាដែលដឹកនាំដោយលោកអភិបាលខណ្ឌដូនពេញជាប្រធាន មានព្រះសង្ឃ ចៅសង្កាត់ និងមណ្ឌលសុខភាព”។
គូរបញ្ជាក់ថា ដើម្បីអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយឱ្យទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យមានការចូលរួមសហការពីមាតាបិតា ឬអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី មណ្ឌលសុខភាព ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងតំណាងវិស័យឯកជនផងដែរ៕