អង្គការខេមបូឌា វើហ្ស៊ិន បន្តចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង ចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកសង្កែ នៃ ខេត្តបាត់ដំបង
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយរបស់អង្គការខេមបូឌា វើហ្ស៊ិន និងតំណាងសប្បុរសជនខ្មែរនៅទីក្រុងស៊ីដនីនិងសមាគមខ្មែររស់នៅប្រទេសអូស្ត្រាលី រួមជាមួយនិងតំណាងក្រុមហ៊ុនជីហ្គៀគ្រុប បាននាំយកអំណោយរបស់ខ្លួនបន្តចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រួសាដែលទទួលរងគ្រោះដោយទឹកជំនន់កន្លងមក និងបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាកខ្លាំង និងកំពុងរស់នៅក្នុងស្រុកសងែ្ក ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១។
តាមរយៈម្ចាស់អំណោយតំណាង អង្គការខេមបូឌា វឺហ្ស៊ិន និងសមាគមខ្មែរនៅទីក្រុងស៊ីដនី រួមជាមួយនិងសប្បុរសជនរស់នៅប្រទេសអូស្ត្រាលីនិងកម្ពុជា និងតាមរយៈលោក ហ៊ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានឲ្យដឹងថាអំណោយដែលនាំយកមកចែកនេះគឺជាអំណោយស្បៀង អាហារ រួមមាន អង្ករ២០គក្រ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, អំបិល ស្ករសនិងប៊ីចេងមួយចំនួន ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារ ដែលកំពុងតែជួបនូវការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកលពីជម្ងឺកូវីដ-19 និងទឹកជំនន់កន្លងមក។ហើយចំណោមអំណោយដែលត្រូវចែកជូននៅថ្ងៃនេះ គឺជាអំណោយដែលក្រុមការងាររបស់ខ្លួនបានរៀបចំចែកក្នុងស្រុកគោលដៅទាំង៩របស់ខេត្តបាត់ដំបងដែលមានចំនួន២.៧០០គ្រួសារ។
នៅក្នុងឱកាសចែកអំណោយនេះ ឯកឧត្តមសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានថ្លែងអំណរគុណ ចំពោះអង្គការខេបូឌា វើហ្ស៊ិន រួមជាមួយនិងបងប្អូនសមាគមន៍ខ្មែរនានា ដែលកំពុងរស់ នៅទីក្រុងស៊ីដនី នៃប្រទេសអូរស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជាដែលបានខិតខំនិងលះបង់នូវពេលវេលានិងថវិកាធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះ។ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថាការចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់បងប្អូនខ្មែរយើងទាំងក្នុងប្រទេសនិងនៅក្រៅប្រទេនៅថ្ងៃនេះពិតជាស្តែងចេញនិងបង្ហាញពីក្តីស្រលាញ់ និងការជួយទំនុកបំរុង និងចេះយកអាសារគ្នានិងជួយគ្នានៅក្នុងគ្រាលំបាក កន្លងមក របស់ បងប្អូនទាំងនេះផងដែរ។
ជាមួយគ្នាដែរឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ពីការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវតែអនុវត្តនូវវិធានការ និងការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ត្រឹមត្រូវ ដើម្បីគ្រួសារនិងសហគមន៍យើង ចៀសផុតពីការឆ្កង និងការចម្លងពីជំងឺកូវីដ-១៩ បាន៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )