ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រេចយកសំណូមពរពលរដ្ឋ ចង់បង្កើនល្បឿនបើកបរនៅតំបន់មួយចំនួន
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា លោកនឹងយកសំណូមពររបស់ ប្រជាពលរដ្ឋ លើកឡើង នៅតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលស្នើសុំបង្កើនល្បឿនបើកបរនៅលើផ្លូវ សម្រាប់កន្លែងមួយចំនួនដែលក្រៅពីទីប្រជុំជន និងមិនសូវមានរថយន្តបើកបរច្រើន ទៅពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្នើសុំការសម្រេច។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដោយមាន ការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
ទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ស្តង់ដារផ្លូវបច្ចុប្បន្ន គឺអាចធ្វើបានត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ តែដោយ ឡែកកន្លែងខ្លះ គឺបានប្តូរពីផ្លូវ DBST ទៅ AC ធ្វើផ្លូវបានល្អ ហើយក្រសួងនឹងរាយការណ៍ទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យលោកពិចារណាទៅលើសំណូមពររបស់ប្រជាពលរដ្ឋ បើសម្តេចអនុញ្ញាត ក្រសួងនឹងរៀបចំធ្វើតែម្តង។
ទាក់ទងនឹងបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋនេះ ទេសរដ្ឋមន្ត្រី រំលឹកដែរថា បច្ចុប្បន្នគ្រោះថ្នាក់ចររាណ៍ដែលស្លាប់ច្រើន ភាគច្រើនគឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់នៃច្បាប់ ដែលមានរហូតដល់ជាង៣០ភាគរយ ដូចនេះហើយការ ស្នើសុំបន្ថែមល្បឿន វាមិនសូវសាកសមនោះទេ តែយ៉ាងណាលោកនឹងពិចារណាសម្រាប់ផ្លូវកន្លែងមួយចំនួន ខណៈផ្លូវពីមុន មានតែ២គន្លង តែមកដល់ពេលនេះបានធ្វើដល់៤គន្លងហើយ។
![](https://asset.ams.com.kh/central/media/2021/02/fn-2021-02-04-13-53-01-9-1024x682.jpg)