ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រាជរដ្ឋាភិបាល បន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមផ្សេងទៀត គាំពារ គ្រួសារក្រីក្រ និងងាយរងគ្រោះ ពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់បញ្ចប់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលរៀបចំឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែបន្តគិតគូរនូវការដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ប្រយោជន៍ដើម្បីគាំពារ គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះ នៅពេលដែលរាជរដ្ឋាភិបាល សម្រេចបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលណាមួយនោះ ។

អង្គប្រជុំ បានផ្ដល់ការណែនាំអំពីជម្រើសជាយុទ្ធសាស្ត្រ ដែលអាចនឹងអនុវត្តក្រោយពីរាជរដ្ឋាភិបាល សម្រេចបញ្ចប់ កម្មវិធី ជំនួយសង្គមពិសេសនេះនាពេលណាមួយ ក្នុងគោលដៅបន្តផ្ដល់ការគាំពារគ្រួសារក្រីក្រ ប្រជាជនងាយរងគ្រោះ ចៀសវាង ការបាត់បង់ អត្ថប្រយោជន៍គាំពារសង្គមទាំងស្រុង ក៏ដូចជាការបន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ស្របតាមក្រប ខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»។

អង្គប្រជុំក៏បានពិភាក្សា និងផ្ដល់ទិសដៅសម្រាប់ការគិតគូរ ពង្រឹងការផ្ដល់សេវាថែទាំសុខភាព ក៏ដូចជាការរៀបចំរបបសោធន សម្រាប់វិស័យសាធារណៈ ដែលអាចឆ្លើយតបបាននឹងគោលការណ៍ ដែលអាចអនុវត្ត បានប្រសើរ មានប្រសិទ្ធភាពថវិកា និង ធានាបាននូវចីរភាព។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវ បានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ ២០២១, មានគ្រួសារក្រីក្រសរុបចំនួន ៧១០៩២៩គ្រួសារ បានទទួល ប្រាក់ឧបត្ថម្ភ ក្នុងនោះ ទីប្រជុំជនក្នុងរាជធានីភ្នំពេញមានចំនួន ៦ ៤២១ គ្រួសារ, ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញមានចំនួន ៣២ ៦៩៣ គ្រួសារ និងជនបទមានចំនួន ៦៧១ ៨១៥ គ្រួសារ ដែលគិតត្រឹមថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ មានប្រជាជន ចំនួនប្រមាណ ២លាន៨សែននាក់ នៅទូទាំងប្រទេស បានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់បា្រក់នេះ ។

កាលពីពេលថ្មីៗ កន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសេនេះ រហូតដល់ខែមីនា ឆ្នាំ២០២១ ដោយបន្តតាមដាន និងសិក្សាអំពីការវិវឌ្ឍនៃស្ថានភាពការរីករាលដាល និងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ដើម្បី មានមូលដ្ឋានក្នុងការសម្រេចគោលនយោយបាយពាក់ព័ន្ធនឹងការបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ និងធានាបានថា គ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទទួលបាននូវកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងបរិការណ៍នៃការរីករាល ដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ អង្គប្រជុំបានផ្ដល់យោបល់ និងណែនាំបន្ថែម ដើម្បីធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែក ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារនេះ ប្រសើរឡើង, ឆ្លើយតបទៅ នឹងគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការគាំពារប្រកបដោយប្រសិទ្ធភាព និងចីរភាព ដល់កម្មករ និយោជិត មុននឹងគោរពស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner