អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាដឹកនាំកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មក្នុងស្រុក ដើម្បីជំរុញស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ
មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សារដ្ឋបាលដែលទើបបង្កើតថ្មីរបស់មីយ៉ាន់ម៉ា ជួបពិភាក្សាការងារជាមួយសហភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មសហភាពមីយ៉ាន់ម៉ា (UMFCCI) និងសមាគមន៍ពាក់ព័ន្ធរបស់ខ្លួននៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីណៃពីដោ ក្រោមការចូលរួមដោយផ្ទាល់ពីលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេងព្រមទាំងរដ្ឋមន្ត្រី និងក្រុមមន្ត្រីមីយ៉ាន់ម៉ាជាច្រើនរូបទៀត ដែលទើបតែត្រូវបានតែងតាំង ។
នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង បាននិយាយថា នឹងមិនមានការរឹតត្បិតលើដំណើរការអាជីវកម្មធម្មតា ក្នុងអំឡុងអំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ។ ជាមួយគ្នានេះ លោកសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញវិធានការការពារ និងត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីប្រឆាំងនឹង Covid-19 ដោយមិនធ្វើអោយប៉ះពាល់ដល់ការធ្វើអាជីវកម្មធម្មតា ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីការរស់រានអាជីវកម្ម ព្រោះវណ្ណៈកម្មករកំពុងរងការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារការបិទអាជីវកម្មមួយចំនួន ។
ទន្ទឹមគ្នា លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេងនៅតែបញ្ជាក់ជំហរដដែលថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានលួចបន្លំ ៕ ប្រភព៖ ស៊ីនហួរ
![](https://asset.ams.com.kh/central/media/photo_l-1.jpg)
![](https://asset.ams.com.kh/central/media/2021/02/np_file_67241-1-1024x682.jpeg)