យោធាមីយ៉ាន់ម៉ាបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតសហភាពថ្មីមួយ ក្រោយរដ្ឋប្រហារ
មីយ៉ាន់ម៉ា៖ ក្រុមយោធាមីយ៉ាន់ម៉ាបានរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថ្មីមួយ ដោយមានប្រធានម្នាក់ និងសមាជិក៦នាក់ ហើយប្រធាន UEC ថ្មីនេះ ក៏ធ្លាប់ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០១០ផងដែរ ។
គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថ្មីនេះ គឺជាលោក ធៈអ៊ីន សូ ដែលធ្លាប់ជាប្រធានគណៈកម្មការនេះម្តងហើយ កាលពីឆ្នាំ២០១០ ដែលកាលនោះ លោក ធៈអ៊ីន សូ បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងទាក់ទិននឹងការបោះឆ្នោត ។ នៅក្នុងឆ្នាំ២០១០ អតីតឧត្តមសេនីយ៍ទោរូបនេះ បានហាមមិនឱ្យមានអ្នកសង្កេតការណ៍បរទេស និង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំឡុងការបោះឆ្នោតឡើយ ។ មិនតែប៉ុណ្ណោះ បុរសរូបនេះត្រូវគេជឿថា បានគ្រប់គ្រងលទ្ធផលបោះឆ្នោត ដើម្បីធានាថា បក្សអភិវឌ្ឍ និងបង្រួបង្រួមសហភាព អាចក្តោបក្តាប់អំណាចបាន ។ បញ្ហានេះ បានធ្វើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សាន ស៊ូជី និងគណបក្សផ្សេងទៀតបានពហិការចូលរួមក្នុងការបោះឆ្នោតនៅក្នុងឆ្នាំនោះ ។
ក្រោយរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវមួយ បន្ទាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបញ្ចប់ ហើយនឹងប្រគល់អំណាចដល់អ្នកដែលឈ្នះក្នុងការបោះឆ្នោត ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់កំណត់នៅឡើយ ៕ ប្រភព៖ The Irrawaddy
![](https://asset.ams.com.kh/central/media/dsds-2-1024x683.jpg)
![](https://asset.ams.com.kh/central/media/2021/02/df24ae-20210131-myanmar01-2000-1024x575.jpg)
![](https://asset.ams.com.kh/central/media/2021/02/myanmar-coup-protest-1299739919-1024x538.jpg)