អង្គការខេមបូឌាវើហ្ស៊ិន បានបញ្ចប់ការងារចុះចែកអំណោយមនុស្សធម៌របស់ខ្លួននៅស្រុកគាស់ក្រឡដែលជាស្រុកគោលដៅចុងក្រោយ ចំនួន៣០០គ្រួសារ ក្នុងចំណោម២.៧០០គ្រួសារ នៃស្រុកទាំង៩ របស់ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយរបស់មនុស្សធម៌របស់អង្គការខេមបូឌាវើហ្ស៊ិន និងជាតំណាងសប្បុរសជនខ្មែរ រស់នៅទីក្រុងស៊ីដនី និងសមាគមខ្មែររស់នៅប្រទេសអូស្ត្រាលី រួមជាមួយនិងតំណាងក្រុមហ៊ុនជីហ្គៀគ្រុប បាននាំយកអំណោយទាំងនោះ ដើម្បីបន្តចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក និងមានជីវភាពក្រីក្រកំពុងជួបនូវការលំបាកខ្លាំងហើយក៏ជាស្រុកគោលដៅចុងក្រោយនៃការចែកអំណោយពីអង្គការខាងលើ ផងដែរ នៅក្នុងចំណោមស្រុកទាំង៩របស់ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅ នៅក្នុងបរិវេណសាលាស្រុកគាស់ក្រឡនាព្រឹក ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១នេះ។

      តាមរយៈម្ចាស់អំណោយតំណាង អង្គការខេមបូឌា វើហ្ស៊ិន និងសមាគមខ្មែរនៅទីក្រុងស៊ីដនី រួមជាមួយនិងសប្បុរសជនរស់នៅ ប្រទេសអូស្ត្រាលីនិងកម្ពុជា និងតាមរយៈលោក ហ៊ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានឲ្យដឹងថាអំណោយដែលនាំយកមកចែកនេះគឺជាអំណោយស្បៀង អាហារ រួមមាន អង្ករ២០គក្រ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, អំបិល ស្ករសនិងប៊ីចេងមួយចំនួន ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារ ដែលកំពុងតែជួបនូវការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកលពីជម្ងឺកូវីដ-19 និងទឹកជំនន់កន្លងមក។ សូមបញ្ជាក់ថា៖អង្គការខេមបូឌា វើហ្ស៊ិន កន្លងមកនេះបានចុះចែកអំណោយតាមបណ្តាស្រុកគោលដៅទាំង៩ ក្នុងខេត្តបាត់ដំបង មានចំនួនសរុប២.៧០០គ្រួសារ។ក្នុងនោះ៖ ស្រុកថ្មគោល, កំរៀង, ភ្នំព្រឹកនិង ស្រុកសំឡូត ក្នុងស្រុកនីមួយៗចំនួន២០០គ្រួសារ។ដោយឡែក នៅស្រុកសំពៅលូន, សង្កែនិងស្រុកគាស់ក្រឡ នៅស្រុកនីមួយៗចំនួន៣០០គ្រួសារ។ចំណែកស្រុកបវេល ចំនួន៤០០គ្រួសារ និង ស្រុកឯកភ្នំ ចំនួន ៦០០គ្រួសារ។

       ថ្លែងស្វាគមន៍ក្នុងឱកាសចែកអំណោយដល់ពលរដ្ឋរបស់ខ្លួនដែលរងគ្រោះដោយទឹកជំនន់កន្លងទៅនេះ លោក ញឹក សារ៉ែន អភិបាលស្រុគាស់ក្រឡ ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ក្នុងរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ ស្រុកគាស់ក្រឡ តែងតែជួបនូវបញ្ហាខ្វះខាតទឹកប្រើប្រាស់  ក្នុងនោះទាំងអាជ្ញាធរ និងសប្បុរសជននានា តែងបានដឹកទឹកពីប្រភពនានា ដើម្បីមកចែកជូនពលរដ្ឋបានប្រើប្រាស់ ជាពិសេស ក្នុងរដូវប្រាំង ដែលតែងតែជួប នូវគ្រោះរាំងស្ងួត ជាដើម…។

លោកអភិបាលស្រុកគាស់ក្រឡ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ការមិនទាន់ខ្វះខាតទឹកប្រើប្រាស់ គឺដោយសារចុងឆ្នាំ២០២០ថ្មីៗនេះ ស្រុកនេះបានជួបនូវបញ្ហាគ្រោះទឹកជំនន់ជន់លិច នៅគ្រប់ឃុំ និងមានទឹកបែកវាល ធ្វើឲ្យទឹកហូរចូលក្នុងប្រឡាយនានា ក៏ដូចជាស្រះទឹកដ៏ធំដែលៀអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានពេញប្រៀបហូរហៀរ។តែទោះបីយ៉ាងណា អាជ្ញាធរស្រុក ក៏កំពុងស្វះស្វែងស្នើសុំជំនួយបន្ថែមពីរាជរដ្ឋាភិបាល និងពីដៃគូអភិវឌ្ឍ និងក្រុមការងារចុះជួយស្រុក ក្នុងការជួយស្តារនិងជីកស្រះទឹកបន្ថែមទៀត និងការស្តារនិងធ្វើប្រព័ន្ធប្រឡាយជាដើម… ។

       ថ្លែងក្នុងឱកាសចែកអំណោយនេះ ឯកឧត្តមអ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរស្រុក ឲ្យបន្តខិតខំដោះស្រាយនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរ របស់ ប្រជាពលរដ្ឋនៅទីនេញ ឲ្យអស់លទ្ធភាពហើយសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវបន្តចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-19ជាមួយរាជរដ្ឋាភិបាលនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាលកន្លងមក ដើម្បីកុំឲ្យមានការឆ្លងចូលទៅក្នុងសហគមន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ។ហើយក៏ត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យផ្សេងៗ ឲ្យបានម៉ត់ចត់ជាប្រចាំផងដែរ។

       ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ ចំពោះអង្គការខេបូឌា វើហ្ស៊ិន រួមជាមួយ និងបងប្អូនសមាគមខ្មែរនានា ដែលកំពុងរស់នៅទីក្រុងស៊ីដនី នៃ ប្រទេសអូរស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជាដែលបានខិតខំនិងលះបង់នូវពេលវេលានិងថវិកាធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង ជាមួយនិងរដ្ឋបាលខេត្តបាត់ដំបងនៅពេលនេះ។ ក្នុងការចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់បងប្អូនខ្មែរយើងទាំងនោះ និងពិតជាស្តែងចេញនិងបង្ហាញពីក្តីស្រលាញ់ និងការជួយទំនុកបំរុង និងចេះយកអាសារគ្នានិងជួយគ្នា នៅក្នុងគ្រាលំបាក កន្លងមក របស់ បងប្អូនទាំងនេះផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner