ផ្តល់ប័ណ្ណដល់សមាជិកបក្សថ្មី ចំនួន៣៦រូប ដែលចាកចេញពីគណបក្សនានា មកចូលរួម និងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងាគណៈពង្រឹងមូលដ្ឋាននៃស្រុកសំពៅលូន ខេត្តបាត់ដំបងជាតំណាង ឯកឧត្តម ងួន រតនៈ ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្ត បានផ្តល់ប័ណ្ណសមាជិកបក្សថ្មី និងជួបសំណេះសំណាលជាមួយបងប្អូន ដែលទើបតែចាកចេញពីគណបក្សដ៏ទៃ ហើយត្រូវបានបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនសរុបចំនួន ៣៦រូបកន្លងមក ដោយបានពាំនាំអំណោយជាស្បៀង និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ដើម្បីជួយសម្រាលដល់ការខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ដែលទើបតែបានចាកចេញពីគណបក្សប្រឆាំងនិងគណបក្សនានា វិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនស្រុកសំពៅលូន កាលពីពេលថ្មីៗ កន្លងទៅនេះ ។

អំណោយដែលយកមកចែកជូននៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកសំពៅលូន រួមមាន៖ អង្ករចំនួន២៥គ.ក្រនិងទឹកស៊ីអ៊ីវ០១យួរ ។

ឯកឧត្តមប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន បានថ្លែងគូសបញ្ជាក់នៅក្នុងឱកាសប្រគល់ប័ណ្ណ”សមាជិកបក្សថ្មី”ដល់បងប្អូន ដែលជាអតីតមកពីគណបក្សនានា ជាពិសេសបងប្អូន ដែលមកពីគណបក្សសង្គ្រោះជាតិ។និងដោយសារតែបងប្អូនបានយល់ដឹងនិងបានឆ្លុះបញ្ចាំងពីសមិទ្ធផលក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជាកន្លងមក បានធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើននិងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាពិសេសប្រជាជនកម្ពុជា បានរស់នៅដោយសុខសន្តិភាពក្រោមដំបូល នៃម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ រាជរដ្ឋាភិបាល ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ុយ សុធាវី ក៏បានសម្តែងការសាទរចំពោះបងប្អូនដែលបានចាកចេញ និងបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តល់នូវកម្លាំងចិត្តដល់បងប្អូនដែលបានវិលមកចូលរួមជាមួយគណបក្សប្រជាជន សូមបន្តចូលរួមក្នុងការគាំទ្រនូវសកម្មភាពនយោបាយរបស់គណបក្សស្រុក-ឃុំនៅក្នុងមូលដ្ឋានខ្លួន និងត្រូវចលនាបងប្អូនដែលមានការភ័ន្តច្រឡំកន្លងមក ដើម្បីបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តម អ៊ុយ សុធាវី បានសង្កត់ធ្ងន់ទៀតថាស្ថិតក្នុងស្ថានភាពជម្ងឺកូវីដ-19នៅមិនទាន់ធូរស្រាលនៅលើពិភពលោកនិងពីបណ្តាប្រទេសជិតខាងយើង។ជាពិសេសនៅកម្ពុជាយើងក៏នៅមិនទាន់ជាសះស្បើយអស់នៅឡើយ។ដូចនេះ សូមបងប្អូនអុំពូមីង ត្រូវមានការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសក្នុងការការពារនូវមេរោគរាតត្បាតដ៏សាហាវនេះឲ្យសោះ។ ហើយអ្វីដែលបងប្អូនត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះគឺការធ្វើអនាម័យជាប្រចាំក្នុងការលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុលនិងជែល ដើម្បីសុខភាពអាយុជីវិតផ្ទាល់ខ្លួនម្នាក់ៗនិងដើម្បីបញ្ចៀសបានពីការឆ្លងនិងការចម្លងនូវមេរោគកូវីដ-19នេះ និងដើម្បីជួយដោះស្រាយនូវបញ្ហាការលំបាកឆ្លើយតបបានទាន់ពេលវេលាជូនដល់បងប្អូន។ទោះបីពេលនេះ អំណោយទាំងនេះតិចតួចក៏ពិតមែន តែវាបានជួយសម្រាលដល់ការលំបាកបងប្អូនបានមួយគ្រាផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner