អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារចុះMOUជាមួយE-School ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមហ៊ុន

នៅថ្ងៃទី២៥ ខែឧសភាស្អែកនេះ សាស្ត្រាចារ្យយុទ្ធសាស្ត្រទីផ្សារ  លន់ បូរី នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយE-School Cambodia​ដើម្បីបង្រៀនតាមរយៈអនឡាញក្នុងគោលបំណងបង្កើនសមត្ថភាពទៅដល់ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារតាមក្រុមហ៊ុននានា និងប្រតិបត្តិករទីផ្សារទាំងអស់។

ការចុះអនុស្សរណនេះ នឹងធ្វើឡើងនៅសណ្ឋាគារហីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីE-School Cambodia សាស្ត្រាចារ្យលន់ បូរី នឹងបង្រៀនយុទ្ធសាស្ត្រទីផ្សារលើវិស័យ៣សំខាន់គឺ វិស័យធានាគារ អចលនទ្រព្យ និងការលក់រាយ។

សាស្ត្រាចារ្យលន់​​ បូរី ដែលមានបទពិសោធន៍លើយុទ្ធសាស្ត្រទីផ្សារតាំងពីឆ្នាំ១៩៩៧មក បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងអ្នកបម្រើការក្នុងផ្នែកទីផ្សារទាំងអស់ត្រូវតែមានសមត្ថភាពខ្ពស់ និងកាន់តែខ្លាំងបន្ថែមទៀតក្នុងបរិក្ខារណ៍នៃការប្រកួតប្រជែងដ៏ស្រួចស្រាវក្នុងអាជីវកម្មនៅកម្ពុជាពេលបច្ចុប្បន្ននេះ​ដើម្បីអាចដណ្តើមចំណែកទីផ្សារឱ្យក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាការប្រជែងឈ្នះក្រុមហ៊ុនដែលជាដៃគូ។  

លោកបន្ថែមថា ផ្នែកទីផ្សារគឺជាគន្លឹះសំខាន់បំផុតមួយដែលជាអ្នករកចំណូលឱ្យក្រុមហ៊ុនមូលហេតុនេះហើយម្ចាស់ក្រុមហ៊ុននិងអ្នកគ្រប់គ្រងយុទ្ធសាស្ត្រទាំងអស់មិនអាចមើលរំលងបានឡើយ ដោយហេតុថាការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាកាន់តែចង្អៀត និងស្មុគស្មាញ ហើយសំពាធពីក្រុមហ៊ុនយីហោធំៗល្បីៗមកពីក្រៅប្រទេស ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនត្រូវតែគិតពិចារណាឱ្យបានច្បាស់លាស់។

មួយវិញទៀតការបង្រៀនតាមអនឡាញនេះ គឺជាការចំហរទ្វាមួយយ៉ាងធំដល់ប្រជាពលរដ្ឋកម្ពុជា​និងដល់ម្ចាស់ជំនួញទាំងឡាយអាចក្រេបជញ្ជក់ចំណេះដឹងនិងស្វែងយល់ពីគន្លឹះសំខាន់ និងបទពិសោធន៍ថ្មីៗ បានគ្រប់ពេលវេលា​និងគ្រប់ទីកន្លែង៕

ads banner
ads banner
ads banner