ឯកឧត្តម ប្រាក់ ច័ន្ទតារា បានចុះពិនិត្យការដ្ឋានសាងសង់សាលាឃុំស្រយោងថ្មី ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ អាកុល និងជែល ជូនដល់ឃុំសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់នឹងជំងឺ កូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ប្រាក់ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោកមេឃុំ បានចុះពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការឃុំស្រយោងថ្មី និងនាំយកអាកុល និងជែល ព្រមទាំងគ្រឿងឧបភោគ បរិភោគជូនដល់ឃុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់នឹងជំងឺ កូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក ព្រាប ថៃ មេឃុំស្រយោង បានអោយដឹងថា សាលាឃុំស្រយោងថ្មី គឺ បានសាងសង់លើផ្ទៃដីសរុប១ហិចតា មានទំហំ ១០X១៤ ជាគម្រោងថវិការបស់ក្រសួងមហាផ្ទៃ និងទីស្នាក់ការបក្សឃុំមួយទៀតជាថវិកាផ្ទាល់របស់ ឯកឧត្តម ប្រាក់ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រយោង  មានទំហំ ៧X១២ ប្រហែលជិត១ម៉ឺនដុល្លា ។

ក្នុងឪកាសចុះពិនិត្យការដ្ឋានសាងសង់នេះដែរ ឯកឧត្តម ប្រាក់ ច័ន្ទតារា បានមានប្រសាសថា សាលាឃុំថ្មីនេះ និងទីស្នាក់ការបក្សឃុំ បន្ទាប់ពីសាសង់រួចវានឹងក្លាយជាកន្លែងធ្វើការប្រកបដោយផាសុខភាពសម្រាប់មន្រ្តីឃុំ និងមន្រ្តីបក្សក្នុងការបំរើសេវាតម្រូវការ និងសេវាសាធារណៈផ្សេងៗអោយទាន់ពេលវេលាឆាប់រហ័ស ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើរឲ្យលោកមេឃុំ និងមន្រ្តីសូមជួយថែរក្សានូវសមិទ្ធផលថ្មីទាំង២នេះអោយបានល្អ ដើម្បី ជាប្រយោជន៍សម្រាប់ដល់អ្នកជំនាន់ក្រោយផងដែរ ។ ជាមួយគ្នា ឯកឧត្តម ប្រាក់ ច័ន្ទតារា បានណែនាំដល់លោកមេឃុំ មេភូមិ សូមបន្តធ្វើការចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ-១៩ អោយបានជាប្រចាំដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យខ្លួនឯងជានិច្ច ត្រូវលាងដៃនឹងសាប៊ូ អាកុល ឬជែល ឱ្យបានស្អាត ហើយជៀសវាងការប្រមូលផ្តុំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ ដែលតែងតែយកចិត្តទុកដាក់ជួយដល់មូលដ្ឋាន ទាំងកម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងថវិកា ដើម្បីអោយទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិក្រោយៗបន្តទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner