សហរដ្ឋអាម៉េរិកគ្រោងធ្វើតេស្តវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំលើមនុស្សរាប់ម៉ឺននាក់ ដើម្បីសម្រេចឱ្យលទ្ធផលនៅចុងឆ្នាំនេះ
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងទ្រង់ទ្រាយធំ ទៅលើអ្នកស្ម័គ្រចិត្តប្រមាណជាង១០ម៉ឺននាក់ ដើម្បីទទួលបាននូវវ៉ាក់សាំងដែលមានប្រសិទ្ធភាពមួយនៅត្រឹមចុងឆ្នាំ២០២០ នេះបើតាមក្រុមអ្នកវិទ្យាសាស្រ្តដែលដឹកនាំកម្មវិធីនេះ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
ដើម្បីសម្រេចវត្ថុបំណងខាងលើ ក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងឈានមុខគេមួយចំនួនបានយល់ព្រមចែករំលែកទិន្នន័យ និងអនុញ្ញាតប្រើប្រាស់នូវបណ្ដាញធ្វើតេស្ដរបស់ពួកគេទៅកាន់គូប្រជែង ក្នុងករណីដែលការធ្វើតេស្ដរបស់ពួកគេបរាជ័យ ។ វ៉ាក់សាំងច្រើនដែលបានបង្ហាញសុវត្ថិភាព នៅក្នុងការធ្វើតេស្ដទ្រង់ទ្រាយតូច នាពេលកន្លងមក នឹងត្រូវបានធ្វើតេស្ដទ្រង់ទ្រង់ធំបង្គួរ ដោយមានអ្នកស្ម័គ្រចិត្តចូលរួម២ម៉ឺននាក់ដល់៣ម៉ឺននាក់ ដែលនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខ ។
សូមរំលឹកថា កន្លងមក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បង្ហើបឱ្យដឹងផងដែរថា វ៉ាក់សាំងការពារមេរោគ COVID-19 នឹងត្រូវបានផលិតឡើងរួចរាល់នៅត្រឹមចុងឆ្នាំ២០២០នេះ ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពជាន់ខ្ពស់ជាច្រើនរូបបានកត់សម្គាល់ថា វ៉ាក់សាំងអាចត្រូវការពេលមួយឆ្នាំទៅ១៨ខែទៀតដើម្បីផលិត ៕