ប្រជាជាតិចំនួន១០នៅអឺរ៉ុបសម្តែងការសោកស្តាយ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញា Open Skies
បារាំង៖ ប្រទេសចំនួន១០នៅអឺរ៉ុប ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការសោកស្តាយ ចំពោះការដកខ្លួនរបស់សហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហរមេឃ ឬ Open Skies ដែលពួកគេចាត់ទុកថា ជាធាតុផ្សំដ៏សំខាន់នៃក្របខណ្ឌកសាងទំនុកចិត្ត ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សកន្លងមកនេះ ដើម្បីបង្កើនតម្លាភាព និងសន្តិសុខនៅទូទាំងអឺរ៉ុប និងអាត្លង់ទិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
ពួកយើងមានការសោកស្តាយជាខ្លាំង ចំពោះការប្រកាសដោយរដ្ឋាភិបាលរបស់សហរដ្ឋអាម៉េរិក អំពីចេតនាដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ Open Skies បើទោះបីជាយើងបានចែករំលែកក្តីបារម្ភរបស់ខ្លួន ទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិសន្ធិសញ្ញាដោយប្រទេសរុស្ស៊ីក៏ដោយ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អេស្ប៉ាញ ហ្វាំងឡង់ អ៊ីតាលី លុចសាំបួរ ហូឡង់ សាធារណៈរដ្ឋឆេក និងស៊ុយអ៊ែត ។
ការសម្តែងការសោកស្តាយរបស់ប្រជាជាតិចំនួន១០នៅអឺរ៉ុបខាងលើនេះ បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ឬ Open Skies ដោយបានស្ដីបន្ទោសរុស្ស៊ីថា រំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិមួយនេះ ៕