ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល បានដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមការងារជំនាញពាក់ព័ន្ធប្រជុំពិភាក្សាបន្តធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួង ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជំពូកទី២ និងទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយម ន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ ជាក់លាក់ទៅតាមបរិបទច្បាប់ សំដៅការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងបរិស្ថានជារួម ព្រមទាំងងាយស្រួលអនុវត្តន៍ និងជៀសវាងការបកស្រាយខុស។
ជាលទ្ធផល យោងតាមស្មារតីនៃកិច្ចប្រជុំនេះ អង្គប្រជុំបានកំណត់និយមន័យតាមប្រភេទយានយន្តឱ្យកាន់តែជាក់លាក់ ការកំណត់និយមន័យនៃការប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ការកំណត់ឱ្យមានជំនួយការបើកបរម្នាក់ចំពោះរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបលើសពី១៦តោន ឬរថយន្តដឹកអ្នកដំណើរដែលផ្ទុកអ្នកដំណើរចាប់ពី៣៥នាក់ឡើងទៅ និងចំណុចផ្សេងៗទៀតក្នុងជំពូកទី២ និងជំពូកទី៣ ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា៖ ការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះនឹងបន្តធ្វើការពិភាក្សាយ៉ាងហោចណាស់ឱ្យបានមួយសប្ដាហ៍ម្ដង រហូតដល់ចប់ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធទាំងអស់ពិនិត្យ និងកែសម្រួលបន្ត ក៏ដូចជាដើម្បីឱ្យច្បាប់នេះ អាចអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្ដល់មតិយោបល់ប្រកបដោយខ្លឹមសារ ក៏ដូចជាផ្តល់ធាតុចូលសំខាន់ៗ ក្នុងកែសម្រួលច្បាប់នេះឱ្យកាន់តែមានន័យច្បាស់លាស់ ជៀសវាងការបកស្រាយខុស និងបម្រើប្រយោជន៍ជាតិ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវជំពូកជាបន្តបន្ទាប់ មុនកិច្ចប្រជុំចាប់ផ្ដើម ដើម្បីឱ្យការធ្វើវិសោធនកម្មនេះមានសន្ទុះទៅមុខកាន់តែលឿន៕ធ.ដ