ញូវសឺឡេនប្រកាសផ្តាច់ទំនាក់ទំនងគ្រប់កម្រិតជាមួយនឹងមីយ៉ាន់ម៉ា

បរទេស៖នៅព្រឹកថ្ងៃអង្គារនេះប្រទេសញូវសឺឡេនបានប្រកាសពីការផ្តាច់នូវរាល់គ្រប់ទំនាក់ទំនងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាព្រមទាំងប្រកាសដាក់បំរាមធ្វើដំណើរចំពោះមេដឹកនាំយោធាទាំងអស់របស់មីយ៉ាន់ម៉ាផងដែរនៅក្រោយរដ្ឋប្រហារដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ដោយផ្ទាល់បានបញ្ជាក់ទៀតថាញូវសឺឡេនក៏នឹងនឹងធ្វើការពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ផងដែរនូវរាល់កម្មវិធីជំនួយទាំងឡាយរបស់ខ្លួនដើម្បីឲ្យច្បាស់ថាវានឹងមិនមានការពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាផងដែរ។

លោកស្រី Ardern បានថ្លែងបែបនេះថា៖សារដ៏មុតមាំរបស់យើងគឺដើម្បីអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានពីប្រទេសញូវសឺឡេនហើយរឿងមួយដែលយើងនឹងធ្វើគឺត្រូវបញ្ឈប់ការទំនាក់ទំនងនៅគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសផងដែរក៏ត្រូវប្រាកដដែរថាជំនួយថវិកាទាំងឡាយនឹងមិនយកទៅជួយឬគាំទ្រដល់របបយោធានៃប្រទេសប្រទេសមីយ៉ាន់ម៉ាឡើយ។

លោកស្រីក៏បានរំលឹកដែរថាកន្លងមកជំនួយរបស់រដ្ឋាភិបាលក៏មានទំហំច្រើនគួរសមដែរពោលគឺចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2021 ញូវសឺឡេនបានឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាប្រមាណជា 30 លានដុល្លារអាមេរិករួចមកហើយ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែររដ្ឋមន្ត្រីការបរទេសញូវសឺឡេនលោក Nanaia Mahuta ក៏បានចេញសេចក្តីថ្លែងការណ៍ផ្សេងមួយទៀតដែរថា ៖ ញូវសឺឡេននឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលដែលដឹកនាំដោយយោធានោះទេហើយបានអំពាវនាវឱ្យយោធាដោះលែងមេដឹកនាំនយោបាយដែលកំពុងជាប់ឃុំទាំងអស់ព្រមទាំងស្តារប្រជាធិបតេយ្យឡើងវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner