អាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ នៅក្នុងគ្រួសារម្តាយឪពុកជាមនុស្សដែលនៅជិតនិងអាចដឹងចិត្តកូនៗ និងជាអ្នកអប់រំប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហាធម៌។ ស្របគ្នានេះអាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន។ កូនមានចរិតឫកពារថ្លៃថ្នូរ រស់នៅមានវិន័យនិងសីលធម៌ ចេះជួយយកអាសារអ្នកដទៃឬមនុស្សនៅជុំវិញខ្លួន ទាំងនេះសុទ្ធសឹងតែកើតចេញពីឥទ្ធិពលនៃអាកប្បកិរិយារបស់ម្តាយឪពុកទាំងអស់។

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាស៊ីជីដាកម្ពុជា និងជាអ្នកជំនាញផ្នែកអប់រំកុមារតូច មានប្រសាសន៍ថា គ្រប់សកម្មភាពទាំងអស់ដែលឪពុកម្ដាយបង្ហាញចេញមក កុមារតូចឆាប់ទទួលបាននិងចង់ចាំសកម្មភាពទាំងនោះបានយ៉ាងលឿនរហ័សបំផុត។

អ្នកស្រី សរ ម៉ុន្ថា បានបន្តថា “សកម្មភាពរបស់ម្ដាយឪពុកជាគំរូដល់កូន ប្រសិនបើកុមារចិញ្ចឹមដោយការប្រើប្រាស់អំពើហឹង្សាវាយដំជាប្រចាំ នោះក្មេងនឹងរៀនបានពីរបៀបដោះស្រាយបញ្ហាដោយប្រើហឹង្សា និងដោះស្រាយបញ្ហាតាមបែបអវិជ្ជមានដូចគ្នា”។ អ្នកជំនាញអប់រំកុមារតូចរូបនេះបញ្ជាក់បន្តថា រាល់សកម្មភាពរបស់មនុស្សចាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ធ្វើឱ្យកុមារនឹងចម្លងទុកដោយមិនដឹងខ្លួន។

ចំណែកឯលោកស្រី ឈាវ ណារិន អាជីវករមួយរូប យល់ឃើញថា “ក្នុងនាមជាម្តាយឪពុកការភូតកុហកក្មេងៗជារឿងមួយមិនគួរធ្វើនោះឡើយ ពីព្រោះនៅពេលចាប់ផ្ដើមធ្វើរឿងបែបនេះធ្វើឱ្យក្មេងៗយកគំរូតាម”។

ក្នុងនាមជាអ្នកម្ដាយដែលយល់ច្បាស់ពីចិត្តរបស់កូន លោកស្រីបន្តថា បើសិនជាឪពុកម្ដាយផ្ដល់សកម្មភាពល្អៗទៅកាន់ពួកគេ នោះចំណងមិត្តភាពរវាងឪពុកម្ដាយនិងកូនកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។

“រៀងរាល់ពេលយប់ខ្ញុំព្យាយាមអានសៀវភៅរឿងនិទានឱ្យកូនរបស់ខ្ញុំស្ដាប់មុនពេលពួកគាត់ចូលគេង ហើយវាជាទម្លាប់មួយដ៏ល្អសម្រាប់ពួកគាត់… ខ្ញុំព្យាយាមពន្យល់ប្រាប់គាត់នូវរឿងល្អៗ ” លោកស្រី ឈាវ ណារិន។

លោក កែវ សាន ដែលជាបុគ្គលិកក្រុមហ៊ុនមួយក៏បានឱ្យ AMS ដឹងដែរថា “ខ្ញុំមិនដែលបង្ហាញទង្វើរអវិជ្ជមានណាមួយឱ្យកូនរបស់ខ្ញុំឃើញនោះទេ ខ្ញុំគិតថាក្មេងៗមិនគួរធ្វើឃើញទង្វើរមិនល្អនៅក្នុងក្រុមគ្រួសារដែលបានស្ដែងចេញពីម្តាយឪពុក”។ ឪពុករូបនេះ កត់សម្គាល់ថា កូនអាចចម្លងឥរិយាបថមិនល្អពីឪពុកម្ដាយភ្លាមៗ ហើយពួកគេនឹងធ្វើសកម្មភាពមិនល្អទាំងនោះទៅកាន់បងប្អូន មិត្តភក្តិ ឬធ្វើតបទៅលើម្តាយឪពុកវិញ។

តានការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ម្ដាយឪពុកផ្តល់ភាពជាគំរូវិជ្ជមានដល់កូន និងអប់រំកូនតាមបែបវិជ្ជមាន ជះឥទ្ធិពលយ៉ាងខ្លាំងដល់ឥរិយាបថនិងការរស់នៅរបស់កូន។ ការប្រៀនប្រដៅកូនតាមបែបវិជ្ជមាន ជាការចិញ្ចឹមកូនដោយមិនប្រើអំពើហិង្សាក្នុងទម្រង់ណាមួយ។ ការអប់រំកូនតាមបែបវិជ្ជមាននឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលមានវិន័យមានសីលធម៌ល្អ និងក្លាយពលរដ្ឋល្អនៅក្នុងសង្គម៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner