នាយករដ្ឋមន្រ្តីចិនដាក់ចេញផែនការយកជ័យជំនះលើ COVID-19 ក្នុងអំឡុងមហាសនិ្នបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេស
ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសចិន ដើម្បីជំនះឧបសគ្គនានាដែលបង្កឡើងដោយជម្ងឺ COVID-19 នៅថ្ងៃសុក្រនេះ នៅពេលផ្តល់របាយការណ៍ការងាររបស់រដ្ឋាភិបាលដែលមិនមានគោលដៅជាក់លាក់ចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ប៉ុន្តែបានរាប់បញ្ចូលនូវវិធានការណ៍ដើម្បីគាំទ្រដល់អាជីវកម្ម និងការងារ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
នាឱកាសនោះ លោក លី ខឺឈាង បានរាយការណ៍អំពីការងាររដ្ឋាភិបាលក្នុងរយៈពេលមួយឆ្នាំកន្លងទៅជូនមហាសន្និបាត និង លើកឡើងសេចកី្តស្នើចំពោះការងារឆ្នាំនេះ ព្រមទាំងលើកជូនឱ្យមហាសន្និបាតពិនិត្យពិភាក្សា ។ ក្រៅពីនេះមហាសន្និបាតនៅមានរបៀបវារៈពីរ ដែលពាក់ព័ន្ធនឹងការងារតាក់តែងច្បាប់ គឺពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណីដំបូងរបស់ប្រទេសចិន ព្រមទាំងសេចកី្តព្រាងច្បាប់ស្តីពីការបង្កើតរបបច្បាប់ និងយន្តការអនុវត្តឱ្យបានពេញលេញ សម្រាប់គាំពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង ។
សូមជម្រាបថា មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រារព្ធធ្វើនៅរដ្ឋធានីប៉េកាំង នៅក្នុងថ្ងៃសុក្រនេះ ដោយអ្នកដឹកនាំបក្ស និងរដ្ឋ ព្រមទាំងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏មានវត្តមានផងដែរ។ ក្នុងពិធីបើកនៅថ្ងៃដដែល មុនដំបូងអង្គប្រជុំគ្រប់រូបបានឈរស្មឹងស្មាត ដើម្បីរំលែកទុក្ខវីរៈជនដែលបានពលីជីវិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអ្នកស្លាប់ដោយសារជំងឺនេះ ។ តំណាងប្រជាជនទូទាំងប្រទេសចិន ចំនួន២.៨៩៧រូបបានចូលរួមពិធីបើក ដែលសមស្របនឹងការកំណត់ខាងច្បាប់ ៕