មនុស្សស្លាប់កើនឡើងដល់៨០នាក់ ក្រោយព្យុះស៊ីក្លូ អាំផាន វាយប្រហារលើប្រទេសឥណ្ឌា
ឥណ្ឌា៖ ព្យុះស៊ីក្លូនឈ្មោះ អាំផាន ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតកម្រមាន បានវាយប្រហារយ៉ាងដំណំលើរដ្ឋអូឌីសា និងរដ្ឋ វែសត៍ ប៊ែងហ្គាល់ ភាគខាងកើតប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៨០នាក់ ហើយក្រៅពីឆក់យកជីវិតមនុស្ស វាបានបង្កការបំផ្លិចបំផ្លាញជាច្រើនផ្សេងទៀត នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយខាងលើនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃដដែលនេះ បានចុះទស្សនកិច្ចនៅរដ្ឋ វែសត៍ ប៊ែងហ្គាល់ ដើម្បីត្រួតពិនិត្យស្ថានការណ៍ ហើយលោកនឹងបន្តទៅរដ្ឋ អូឌីសា ថែមទៀត ។
បន្ទាប់ពីបោកបក់លើប្រទេសឥណ្ឌាហើយនោះ ព្យុះស៊ីក្លូនដ៏កំណាចនេះ បានធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍តម្សិលមិញ ដោយវាបានចាប់ផ្តើមថយចុះកម្លាំងទៅវិញ ប៉ុន្តែក៏បានបង្កការបំផ្លិចបំផ្លាញ និង ផ្តាច់ជីវិតមនុស្សមួយចំនួននៅទីនោះផងដែរ ៕