ប្រជាពលរដ្ឋជាង២០០គ្រួសារដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់នៅខេត្តកំពត បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កំពត៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំង ២១០គ្រួសារ ស្ថិតនៅស្រុកឈូក និងស្រុកដងទង់ ខេត្តកំពត។ នៅព្រឹកថ្ងៃ២២ឧសភានេះ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ និងសហការី បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៨៩គ្រួសារ នៅស្រុកឈូក និង ១២១គ្រួសារ នៅស្រុកដងទង់ ខេត្តកំពត។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភចំពោះជីវភាពប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើងដោយសារគ្រោះធម្មជាតិដោយមិនអាចស្មានបាន។ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាក ទៅតាមស្ថានភាពរងគ្រោះជាក់ស្តែងរបស់គ្រួសាររងគ្រោះធ្ងន់-ស្រាលនីមួយៗ ។
សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត១កញ្ចប់ដែលមានមុង ភួយ សារុង ក្រមា អាវយឺត។ ដោយឡែក គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា ២០ម៉ឺនរៀល បន្ថែម។ ចំពោះគ្រួសាររងគ្រោះដោយប៉ើងដំបូលធ្ងន់ធ្ងរ ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយប៉ើងដំបូលផ្ទះស្រាល ទទួលបានបន្ថែមថវិកា ៥ម៉ឺនរៀលផងដែរ៕ធ.ដ