ក្រសួងសុខាភិបាល ចេញវិធានការដាក់ឲ្យដំណើរ ការឡើងវិញនូវវិស័យកីឡាជាជំហានៗ
ក្រសួងសុខាភិបាល៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ឧសភា ឆ្នាំ២០២០ បានប្រកាសពីវិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ។
ការសម្រេចចេញវិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញ នូវវិស័យកីឡាជាជំហានៗ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើរបាយការណ៍សង្ខេបស្តីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា សម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡា ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដូចជា ទី១៖ អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល។
ការអនុញ្ញាតនេះ នឹងចាប់អនុវត្តន៍ជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។ ទី២៖ អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឱ្យមានការ ចម្លងវីរុសកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។ ទី៣៖ មុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ការអនុវត្ត ការសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ។ ការប្រើប្រាស់ម៉ាស ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់។ ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។ ទី៤៖ ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡា មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឱ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ៕ធ.ដ