ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសជប៉ុន ធ្លាក់ចុះ៣.៤ភាគរយប្រចាំឆ្នាំ
ជប៉ុន៖ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣.៤ភាគរយគិតចាប់ពីខែមករា ដល់ខែមីនាកន្លងមក នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នាពេលថ្មីៗ ។
បើតាមទិន្នន័យផ្លូវការនោះ ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥ ដោយប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបីនៅលើពិភពលោកមួយនេះ បានធ្លាក់ចុះ០.៩ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំនេះ ខណៈជប៉ុនកំពុងទប់ទល់នឹងវិបត្តិCOVID-19 ។
ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបនេះ បានកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះ១.៩ ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ខណៈការដំឡើងពន្ធ និង ព្យុះទីហ្វុងបានវាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំង សូម្បីមុនពេលដែលជំងឺរាតត្បាតបានបង្ខំឱ្យបិទទ្វារសេដ្ឋកិច្ចភាគច្រើនទៅទៀត ។
សូមជម្រាបថា វិស័យទេសចរណ៍ជប៉ុនបានធ្លាក់ចុះ៩០ភាគរយ ស្របពេលដែលឧស្សាហកម្ម និងពាណិជ្ជកម្មបានជាប់គាំង ហើយវីរុសកូរ៉ូណាក៏បានបង្ខំឱ្យមានការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០នេះផងដែរ ដែលគេមើលឃើញថា ជាការជំរុញដល់សេដ្ឋកិច្ច ៕ធ.ដ