ចំនួនអ្នកអត់ការងារនៅអង់គ្លេស កើនឡើងច្រើនបំផុតក្នុងរយៈពេល២៥ឆ្នាំ ដោយសារតែវិបត្តិ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ ការិយាល័យជាតិស្ថិតិរបស់ចក្រភពអង់គ្លេស បានអោយដឹងថា មានពលរដ្ឋអង់គ្លេសជាង៨៥ម៉ឺន៦ពាន់នាក់បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារ កាលពីខែមេសាឆ្នាំ២០២០ ដែលនេះជាចំនួនច្រើនបំផុតក្នុងរយៈពេលជិត២៥ឆ្នាំ នេះបើតាមសារព័ត៌មាន CAN នាពេលថ្មីៗ ។
ចំនួនខែមេសាខាងលើនេះ ធ្វើឲ្យតួលេខអ្នកអត់ការងារសរុបនៅអង់គ្លេស កើនឡើងដល់២.១លាននាក់ ។ បើតាមសេដ្ឋវិទូនោះ ស្ថានភាពអត់ការងារនៅអង់គ្លេសអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនបានបង្កើតកម្មវិធីរក្សាការងារ ដោយរដ្ឋចេញប្រាក់ខែឲ្យការងារមួយចំនួននោះទេ ។
សូមជម្រាបថា អត្រាអត់ការងារនៅចក្រភពអង់គ្លេស កាលពីខែមេសា ឆ្នាំ២០២០នេះ មានចំនួន៣.៩ភាគរយ ហើយរំពឹងថា នឹងអាចកើនឡើងដល់១០ភាគរយត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ ប៉ុន្តែតួលេខនេះ នៅតែទាបជាងអត្រាអត់ការងារនៅសហរដ្ឋអាម៉េរិក ដែលត្រឹមខែមេសាមកនេះ បានកើនឡើងដល់១៤.៧ភាគរយឯណោះ ៕ធ.ដ