ឥស្សរជន និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើននាក់ ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឥស្សរជន និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើននាក់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលការចាក់ដំបូងគេបង្អស់។

ក្នុងឱកាសទទួលការចាក់វាំងសាំងការពារកូវីដ១៩ដំបូងគេបង្អស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវសូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។

បើតាមថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រៅពីឯកឧត្តម ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តម កើត រិទ្ធ ឯកឧត្តម សាយ សំអាល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត ។

គួររំលឹផងដែរថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំនួយជំហានដំបូង ចំណែកវ៉ាក់សាំង៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការទទួលបាន និងការចាក់វ៉ាក់សាំងនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប ។ សម្តេចបានយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេសលោកប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា ។

សូមបញ្ជាក់ផងដែរថា ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖
១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner