ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដំណឹងស្តីពីការដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព ដោយក្នុងនោះបានបញ្ជាក់ថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជននោះ ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។

ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមក្រសួងឧស្សាហកម្ម ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៧៨ ៣៥៦។

ដូច្នេះសូមម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅ លើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner