ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សញ្ញាផលិតផលកម្ពុជា មានគុណភាព។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុក ចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជន ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។

ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើ សំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅ លើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner