ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ នឹង ជំងឺ អេដស៍ បន្តអំពាវនាវដល់យុវវ័យ

ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តអំពាវនាវជាថ្មីបន្ថែមទៀត ដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ក្លាយជាការចម្លងមេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។

ទេសរដ្ឋមន្ដ្រី អៀង មូលី ថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង តាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយ សារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ពិសេស ថ្ងៃទី១៤កុម្ភៈ ដែលខិតជិតមកដល់ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ គឺយុវវ័យរបស់យើងតែងតែបង្កើន នូវក្ដីសប្បាយរីករាយ ភាគច្រើន។

កម្មវិធីនេះ គឺក្នុងគោលបំណងរំឭក ដល់ពួកគាត់ ដើម្បីកុំឲ្យប្រើប្រាស់ក្ដីសប្បាយ ដែលហៅថា ថ្ងៃនៃក្ដីស្រឡាញ់ ឲ្យក្លាយជាចម្លងមេរោគអេដស៍ ពីព្រោះយើងបារម្ភថា ការប្រព្រឹត្តិរបស់យុវវ័យ ការសប្បាយរបស់ពួកគាត់ អាចឈាន ដល់ការរួមភេទ ដោយមិនបានការពារ ហើយធ្វើឲ្យពួកគាត់ឆ្លងមេរោគអេដស៍ ដែលកំពុងតែមានវត្តមាន នៅកម្ពុជានៅឡើយ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner