ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន២២២កន្លែង បានទទួល”ឡាប៊ិល វិធានសុវត្ថិភាពទេសចរណ៍” ពីមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវ និង សំណូមពរយ៉ាងទទូចដល់គ្រប់ម្ចាស់មូលដ្ឋានដែលកំពុងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តបាត់ដំបងត្រូវចូលរួមនិងបន្តនូវវិធានការសុខាភិបាលក្នុងការអនុវត្តតាមការណែនាំជាប្រចាំ និងរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីរួមគ្នាក្នុងការបង្ការ និងទប់ស្កាត់ពីការឆ្លង និង ចម្លងរីករាលដាល នៃ ជម្ងឺកូវីដ-19ទាំងអស់គ្នា។

       ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគល់និងទទួល “ឡាប៊ិល”វិធានសុវត្ថិភាពទេសចរណ៍ ផ្តល់ជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តបាត់ដំបងដែលអនុវត្តបានល្អ នូវវិធានការណ៍របស់ក្រសួងសុខាភិបាល ចំនួន២២២ទីតាំង នៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១នេះ និងដោយមាន តំណាងម្ចាស់មូលដ្ឋានអាជីវកម្មទាំងនោះចូលរួមយ៉ាងកុះករ។

    លោក អ៊ុច អ៊ុភិនិស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ ក្នុងឆ្នាំ២០២០កន្លងទៅនេះ ចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តបាត់ដំបង មានចំនួន ៥០៤.៧៥៩នាក់ថយចុះជិត ២៦% បើប្រៀបធៀបឆ្នាំ២០១៩។ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ទៀតថា៖វិស័យទេសចរណ៍ បានផ្តល់ នូវ ចំណូលសេដ្ឋកិច្ចខេត្តប្រមាណជាង ២៧ លានដុល្លារ ក្នុងឆ្នាំ២០២០កន្កងទៅ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណជិត៤ពាន់នាក់ និងប្រយោលរាប់ម៉ឺននាក់។

     ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានជម្រុញខេត្តមួយនេះមានការអភិវឌ្ឍន៍និងការរីកចម្រើនគួរឲ្យកត់សម្គាល់។បច្ចុប្បន្នខេត្តបាត់ដំបងមានសណ្ឋាគារចំនួន៤៦កន្លែង,ផ្ទះភ្ញៀវ៧៧កន្លែង,ផ្ទះសំណាក់០៣កន្លែង,ភោជនីយដ្ឋាន-អាហារដ្ឋាន១១៩កន្លែង,ម៉ាស្សាសុខភាព-ស្ប៉ាស្តង់ដា០៤កន្លែង,កីឡាទេសចរណ៍០៣កន្លែង,ភ្នាក់ងារទេសចរណ៍០២កន្លែង,រមណីយដ្ឋាន និងគោលដៅទេសចរណ៍៥៣កន្លែង និងមគ្គុទ្ទេសក៍ទេសចរណ៍ ៣០នាក់…។

       ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថា៖កន្លងមកនេះរដ្ឋបាលខេត្តបាត់ដំបងតែងអនុវត្តនូវយុទ្ធនាការផ្សព្វផ្សាយ ” កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ  និង ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាចក្ខុវិស័យក្នុងការជម្រុញ និងការអភិវឌ្ឍន៍ក្នុងខេត្ត ឲ្យមានលក្ខណៈស្តង់ដារល្អប្រសើរ។

      ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖កត្តាខាងលើនេះគឺដោយសារមានសន្តិភាព ទើបធានាដក់ការអភិវឌ្ឍប្រកបដោយចីរភាពនិងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរណ៍សប្បាយមានសន្តិភាព ទើបធានាស្ថិតស្ថេរនូវការរីកចម្រើននិងដំណើរការអភិវឌ្ឍន៍ដ៏រុងរឿងទៅថ្ងៃអនាគត។

     នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងកោតសរសើរ ដល់ម្ចាស់មូលដ្ឋាន អាជីវកម្ម សេវាកម្មរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ដែលបានខិតខំកែលម្អ និង អនុវត្តតាមការណែនាំរបស់ក្រុមការងារ និងទទួលបាន”ឡេប៊ិលវិធានសុវត្ថិភាពទេសចរណ៍”នៅថ្ងៃនេះ  ជាមួយគ្នានេះមន្ទីរក៏ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការចុះផ្សព្វផ្សាយនិងត្រួតពិនិត្យវាយតម្លៃតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តដើម្បីធានាឲ្យបាននូវសុវត្ថិភាព ការងារទប៎ស្កាត់នៃការរីករាលដាលកូវីដ-19 នុងចូលរួមអនុវត្តម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន៧ប្រភេទក្នុងការប្រកបអាជីវកម្មរបស់ខ្លួនក្នុងនោះរួមមាន១.សុវត្ថិភាពទេសចរណ៍សម្រាបអាជីវកម្ម”សេវាស្នាក់នៅទេសចរណ៍”។២.អាជីវកម្ម”ភោជនីយដ្ឋាន អាហារដ្ឋាទេសចរណ៍”។៣.អាជីវកម្ម”ដឹកជញ្ជូនផ្លូវគោក”។៤.អាជីវកម្ម”ដឹកជញ្ជូនផ្លូវទឹក”។៥.អាជីវកម្ម”ការីទេសចរណ៍ក្នុងស្រុក”។៦.អាជីវកម្ម”រមណីយដ្ឋានទេសចរណ៍”។និង៧.វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ និង អេកូទេសចរណ៍ …៕  ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner