ខេត្តកំពង់ស្ពឺក្លាយជាតំបន់ពាណិជ្ជកម្មក្នុងគោលដៅវិនិយោគអចលនទ្រព្យ

កំពង់ស្ពឺ ៖ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះគម្រោងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីជំរុញ និងទាក់ទាញការវិនិយោគ រួមទាំងវិស័យអចលនទ្រព្យផងដែរ ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះខេត្តកំពង់ស្ពឺកំពុងតែក្លាយជាគោលដៅដ៏មានប្រជាប្រិយភាព។

បច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវជាតិលេខ៤១ និងលេខ៤៤ ដើម្បីជួយសម្រួល និងបម្រើដល់វិស័យដឹកជញ្ជូននៅក្នុងឧស្សាហកម្ម និងសិប្បកម្មគ្រប់កម្រិត ខេត្តទទួលបានការវិនិយោគរាប់រយគម្រោង ដែលគិតទាំងសហគ្រាសតូចធំ រួមទាំងរោងចក្រនានាមានមិនក្រោម700 ទីតាំងនោះទេ ហើយបានប្រែក្លាយជាខេត្តមួយនេះឱ្យក្លាយជាគោលដៅវិនិយោគដ៏មានសក្ដានុពល និងស្ថិតនៅលំដាប់ថ្នាក់លេខ2 បន្ទាប់រាជធានីភ្នំពេញ ដែលទទួលបានទុនវិនិយោគច្រើនជាងគេ ។ 

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ AMS ថា ការដាក់ចេញនូវគម្រោង និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អ ដែលជំរុញឱ្យមានស័យនានាមានភាពរីកចំរើន ដែលក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលបានផលវិជ្ជមានផងដែរ។

លោកបានបន្តថា សម្រាប់តែខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះគឺមានភាពទាកទាញខ្លាំង ដោយសារភាពអំណោយផលពីកត្តាភូមិសាស្ត្រ ក្រៅពីមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន តម្លៃនៅទាប គឺមានផ្លូវជាតិ សំខាន់ៗអនុគ្រោះដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែ ដូចជាផ្លូវជាតិលេខ41 ផ្លូវ44 ផ្លូវជាតិ4 ជាដើម ហើយភាគច្រើនៅក្នុងខេត្តកំពង់ស្ពឺគឺមានទឹកមានភ្លើងស្រាប់ ហើយនៅចុងឆ្នាំ2021 នេះ ក្រោយពេលស្ងប់ស្ងាត់កូវីដ វត្តមានសំណង់រោងចក្រជាច្រើននឹងបង្ហាញខ្លួន។  

លោក ច្រឹក សុខនីម បានបន្ថែមថា ៖ «នេះគឺជាមោទនភាពបំផុតចំពោះខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងទទួលបាននូវការអភិវឌ្ឍន៍ រោងចក្រសហគ្រាសរីកដុះដាលដូចផ្សិត នៅពេលនេះ ហើយខេត្តមួយនេះនឹងបន្តភាពទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់»។

គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់សំខាន់ៗដែលកំពុងមានភាពទាក់ទាញក្នុងការដាក់ទីតាំងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ4 ផ្លូវជាតិលេខ51 ផ្លូវលេខ41ផ្លូវជាតិលេខ44 រួមជាមួយគម្រោងនៃបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលមានតម្លៃសរុបរាប់រយលានដុល្លារ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner