ស្គាល់ដើមកំណើតអាំងប៉ាវនៅ?
អំឡុងពេលចូលឆ្នាំប្រពៃណីចិនរាល់ឆ្នាំ គេតែងមានទម្លាប់ជូនអំណោយជាអាំងប៉ាវ ពណ៌ក្រហមស្រស់ឆើត ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ឬនៅកន្លែងធ្វើការជាដើម។ ប៉ុន្តែយើងមិនបានដឹង រឿងនៅពីក្រោយប្រវត្តិអាំងប៉ាវនោះយ៉ាងណាទេ ។ អត្ថបទនេះនឹងសង្ខេបត្រួសៗពីដើមកំណើតនៃអាំងប៉ាវដែលទាំងអស់គ្នាមិនដែលដឹង។
អាំងប៉ាវគេនិយមប្រើពណ៌ក្រហមឆើត តំណាងអោយសំណាងល្អ និងភាពរុងរឿងតាមវប្បធម៌ប្រទេសចិន និងបណ្តាប្រទេសប៉ែកអាស៉ីខាងកើត។
ការជូនអាំងប៉ាវមានប្រវត្តិយូរលង់មកហើយ បើយោងតាមរឿងរ៉ាវដ៏ចំណាស់មួយ ក្នុងប្រទេសចិន មានបិសាចមួយឈ្មោះថាសួយ តែងតែចាប់ក្មេងៗ ដែលកំពុងដេកលក់ នៅថ្ងៃបុណ្យចូលឆ្នាំចិន។ ដើម្បីបញ្ជៀសក្មេងៗពីបិសាចនោះ ឪពុកម្តាយក្មេងតែងព្យាយាមដាស់កូនមិនអោយដេកនៅពេលរាត្រី ។
នាយប់មួយ ក្នុងថ្ងៃចូលឆ្នាំចិន ដើម្បីមិនឲ្យក្មេងទាំងនោះគេង គេបានឲ្យកាក់ចំនួន8ទៅពួកគាត់លេង ប៉ុន្តែមានក្មេងម្នាក់នៅតែងងុយគេង ហើយជ្រុះកាក់នោះនៅលើខ្នើយ រំពេចនោះបិសាចផុសចេញមក រួចដើរសំដៅរកក្មេង ស្រាប់តែកាក់ទាំងនោះបញ្ចេញពន្លឺនៃអំណាច ធ្វើឱ្យបិសាចរលាយបាត់សូន្យឈឹង ។
បន្ទាប់ពីនោះមក អក្សរនិមិត្តសញ្ញាលើកាក់ទាំងនោះ បានគេយកមកប្រើនៅលើស្រោមសំបុត្រម្យ៉ាងមានឈ្មោះថា យ៉ា សួយ ឈាន(Ya Sui Qian) ឬ លុយបង្រ្កាបបិសាច សួយ ដែលគេមានជំនឿថាអាចជួយការពារពីជម្ងឺ និងសេចក្តីស្លាប់ ដែលគ្រប់គ្នាហៅឱ្យខ្លីថាជាអាំងប៉ាវមកទល់បច្ចុប្បន្ននេះឯង។
បើនិយាយពីបំរាមវិញ គេមិនឲ្យយកអាំងប៉ាវដែលប្រើរួច មានសភាពចាស់ រហែក មកធ្វើជាអំណោយនោះទេ ចំណែកឯក្នុងអាំងប៉ាវវិញ គេដាក់ជាលុយក្រដាស់ថ្មីៗ និងពាក្យជូនពរសូមឲ្យសំណាងល្អពេញមួយឆ្នាំ។ មួយវិញទៀតចំនួនលុយដែលនៅក្នុងអាំងប៉ាវហាមមិនឲ្យមានលេខ4 ព្រោះថាការបញ្ចេញសម្លេងលេខ4ក្នុងភាសាចិន មានន័យដូចនិងពាក្យស្លាប់។